×

កងអង្គរក្សជាង១ពាន់នាក់ នឹងចូលរួមសម្តែងទម្រង់ល្បុក្កតោ អបអសាទរពិធីបើកនិងបិទក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម២០២៣

កងអង្គរក្សជាង១ពាន់នាក់ បានចូលរួមហ្វឹកហ្វឺនទម្រង់ល្បុក្កតោ ដើម្បីអបអសាទរពិធីបើកនិងបិទក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនិង អាស៊ានប៉ារ៉ាហ្គេម២០២៣ ដែលនឹងចាប់ផ្តើមនាអំឡុងខែឧសភាខាងមុខនេះ។

ថ្លែងឱ្យដឹងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោខាងលើនេះ លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធគុនល្បុក្កតោកម្ពុជា បានឱ្យដឹងថា អ្វីដែលយើងរៀបចំធ្វើនៅពេលនេះ គឺដោយមានកិច្ចសហការរវាងបញ្ជារកាដ្ឋានកងអង្គរក្ស ជាមួយសហព័ន្ធគុនល្បុក្កតោកម្ពុជា ដើម្បីធ្វើការហ្វឹកហាត់ និងរៀបចំទស្សនីយភាពដ៍អស្ចារ្យក្នុងព្រឹត្តការណ៍បើកកីឡាស៊ីហ្គេមជាប្រវិត្ថសាស្រ្តរបស់កម្ពុជានាពេលខាងមុខ។

ព្រឹត្តការណ៍បើក មាន២ទម្រង់ធំៗ ទី១គឺសម័យអង្គរ ក្នុងផែនទស្សនីយភាព ភាពរុងរឿងនៃអង្គរ ទី២ ល្បុក្កតោសម័យទំនើប ដែលយើងធ្វើពិពិធកម្មកីឡាល្បុក្កតោទៅនិងបទភ្លេង ជាមួយបច្ចេកវិជ្ជា LED រៀបជាទស្សនីយភាពថ្មីមួយ គឺភាពរុងរឿងនៃកម្ពុជា។ ដូច្នេះហើយ យើងសង្ឃឹមថា ក្រៅពីការហ្វឹកហាត់ និងការរៀបចំ និងមានទស្សនីយភាពល្អប្លែកៗនៅក្នុងការទស្សនា។ រីឯកម្មវិធីបិទ គឺមានជាច្រើនរយនាក់ថែមទៀត សម្តែងជាទស្សនីយភាពមួយ ដែលហៅថា “មកហាព្រលឹងគុនល្បុក្កតោ”។

លោកបន្ថែមថា៖ “ ក្នុងការត្រៀមសម្តែងនេះ គឺយើងត្រៀមកម្លាំងចំនួន១២០០នាក់ បើទោះជាមានចំនួនតិចជាងកាលពីព្រឹត្តការណ៍កីឡាជាតិ ប៉ុន្តែបើគិតជាគុណភាពទម្រង់គឺសម្រុកធ្វើដូចអ្វីដែលយើងចង់បាន ខណៈកីឡាជាតិលើកទី៣កន្លងទៅនេះ ត្រឹម២០ភាគរយប៉ុណ្ណោះ”។

ទោះជាសល់ពេលប្រមាណជា២ខែទៀតក៍ពិតមែន អគ្គលេខាធិការរងដ៏មានជំនាញមួយរូបនេះ លើកឡើងប្រកបដោយភាពជឿរជាក់ថា ធ្វើបានទាន់ពេលវេលានិងបានល្អ ដោយសារអ្នកដែលចូលរួមក្នុងការសម្តែងនេះ សុទ្ធសឹងជាកងអង្គរក្សបើនិយាយពីវិន័យគឺ ល្អ បូករួមទាំងការខិតខំប្រឹងប្រែង ពិសេសកិច្ចសហការជាមួយភាគីចិនផងនោះ គឺពិតជាបានល្អ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខេមរៈភូមិន្ទ មេបញ្ជាការរង បញ្ជាការរដ្ឋានអង្គរក្ស បានមានប្រសាសន៍ថា យើងពិតជាមានមោទកភាពដែលបានចូលរួមសម្តែងក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី៣ដែលទើបតែបញ្ចប់កន្លងទៅនេះ ទទួលបាននូវការកោតសរសើរពីសម្តេច និងមហាជនជាច្រើន ។ប៉ុន្តែអ្វីដែលយើងធ្វើកន្លងមកនេះមិនទាន់បានល្អឥតខ្ចោះនោះទេ ។

ឯកឧត្តម សង្កត់ធ្ងន់ដោយមានជំនឿរថា ក្នុងចំនួន១២០០នាក់នេះ សង្ឃឹមថាសហការឱ្យបានល្អជាមួយក្រុមគ្រូដែលមកពីសហព័ន្ធគុនល្បុក្កតោ សហការល្អជាមួយគ្រូដែលមកពីសាធារណរដ្ឋប្រជាមានិតចិន និងហាត់នៅរាល់ទម្រង់ទស្សនីយភាព បានល្អជាងពេលពិធីបើកកីឡាជាតិលើកទី៣ និងធ្វើឱ្យបានល្អជាទីបំផុតក្នុងប្រវិត្ថសាស្រ្តកម្ពុជា។

គួរបញ្ជាក់ដែរថា វគ្គហ្វឹកហ្វឺនទម្រង់គុនល្បុក្កតោនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧កុម្ភះឆ្នាំ២០២៣ ដោយមានកងអង្គរក្សចំនួន១២០០នាក់ចូលរួម ដើម្បីអបអសាទរពិធីបើកនិងបិទក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនិង អាស៊ានប៉ារ៉ាហ្គេម២០២៣ ដែលនឹងចាប់ផ្តើមនាអំឡុងខែឧសភាខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង