សេចក្ដីរាយការណ៍ឱ្យដឹងថា ខ្សែការពារ Antonio Rudiger នឹងមិនបន្តកុងត្រាជាមួយក្លិប Chelsea ទេបើសិនមិនទទួលបានការដំឡើងថ្លៃឈ្នួលទេនោះ។
កីឡាករសញ្ជាតិអាល្លឺម៉ង់នេះ ទទួលបានប្រមាណ៩ម៉ឺនផោនក្នុងមួយសប្តាហ៍ តែរូបគេចង់ឱ្យក្លិបដំឡើងប្រាក់ឈ្នួលរបស់គេទ្វេមួយជាពីរ គឺរហូតដល់១៨ម៉ឺនផោន ក្នុងមួយសប្តាហ៍។
ការចង់បានការដំឡើងប្រាក់ឈ្នួលរបស់ Antonio Rudiger នៅពេលនេះ គឺបន្ទាប់ពីរូបគេមើលឃើញថា ក្លិបតោខៀវបានព្យាយាមទិញយក ខ្សែការពារ Jules Kounde ពី ក្លិបអេស្ប៉ាញ Sevilla ដែលធ្វើឱ្យគេអាចបាត់បង់ឱកាសចូលលេងទៀងទាត់ក្នុងក្រុមទើបដាក់លក្ខខណ្ឌបែបនេះតែម្ដង។
ភាគីលោកគ្រូបង្វឹក Thomas Tuchel ចង់ផ្ដល់កុងត្រាថ្មីដល់គេ ខណៈដែលក្លិប Real Madrid និង Paris Saint-Germain ទំនងជាចង់ចូលប្រជែងគ្នាយក Rudiger ផងដែរ។
សូមបញ្ជាក់ថា Antonio Rüdiger បានចូលរួមជាមួយ Chelsea ក្រោយផ្ទេរពីក្លិប Roma កាលពីឆ្នាំ២០១៧ ដោយ ៥រដូវកាលមកនេះ គេបានបង្ហាញខ្លួនឱ្យ Chelsea ចំនួន១៥៥ដងគ្រប់កម្មវិធី និង ស៊ុតបាន៧គ្រាប់ ដោយរួមចំណែកជួយក្លិបឈ្នះពានរង្វាន់ UEFA Champions League ១ដង UEFA Europa League ១ដង UEFA Super Cup ១ដង និង FA Cup ១ដងផងដែរ៕