×

អតីតម្ចាស់មេដាយមាសអូឡាំពិក Joseph Schooling ដកខ្លួនចេញពីស៊ីហ្គេម២០២៣ដោយសារបញ្ហាផ្ទាល់ខ្លួន

កីឡាករហែលទឹកជនជាតិសិង្ហបុរី Joseph Schooling ដែលជាម្ចាស់មេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១៦លើវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ បាននិយាយកាលពីថ្ងៃពុធថា គាត់នឹងដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ម្ចាស់មេដាយមាសអូឡាំពិក២០១៦ដែលបានយកឈ្នះជើងខ្លាំងហែលទឹកកីឡាករ Michael Phelps បានបញ្ជាក់ថា ការសម្រេចចិត្តនេះមិនមែនរឿងងាយស្រួលនោះទេ ប៉ុន្តែបច្ចុប្បន្នសមត្ថភាពរបស់គាត់មិនទាន់ដូចពីមុន។

កីឡាករដែលមានរូបរាងសង្ហា វ័យ២៧ឆ្នាំ បានបន្តថាគាត់បានសម្រេចចិត្តផ្តល់តួនាទីនេះទៅកាន់មិត្តរួមក្រុមរបស់គាត់ ហើយគាត់នឹងផ្ដោតលើកាតព្វកិច្ចយោធារបស់គាត់។

ទោះជាយ៉ាងណា Schooling បានបំពេញកាតព្វកិច្ចយោធាបានរយៈពេលពីរឆ្នាំហើយ។ ប៉ុន្តែ កាលពីឆ្នាំមុន គាត់បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវប្រើប្រាស់គ្រឿងញឿន។ កីឡាករសិង្ហបុរីរូបនេះ បានសារភាពថាខ្លួនបានប្រើប្រាស់កញ្ឆា។ ជាលទ្ធផល គាត់ត្រូវបានផ្តល់ការព្រមាន និងត្រូវធ្វើតេស្តទឹកនោមជាប្រចាំក្នុងរយៈពេល៦ខែ។

មេដាយមាសរបស់ Schooling ដែលបានឈ្នះពីស៊ីហ្គេមចាប់តាំងពីឆ្នាំ២០១១ មានដូចខាងក្រោម៖
២០១១ ឈ្នះ ២គ្រឿង
២០១៣ ឈ្នះ ៦គ្រឿង
២០១៥ ឈ្នះ ៩គ្រឿង
២០១៧ ឈ្នះ ៦គ្រឿង
២០១៩ ឈ្នះ ៤គ្រឿង
២០២១ ឈ្នះ ២គ្រឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង