រដ្ឋមន្ត្រីកីឡាប្រទេសបារាំង លោកស្រី Amelie Oudea-Castera ឱ្យដឹងថា ប្រទេសបារាំងនឹងផ្តល់ប្រាក់ចំនួន១លានអឺរ៉ូ ដើម្បីជាជំនួយដល់អត្តពលិកអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ការប្រកួតអូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ២០២៤ដែលខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈមានមន្ទិលសង្ស័យជុំវិញការផ្លាស់ប្តូររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស មានសិទ្ធិចូលរួមការប្រកួតជ្រកក្រោមភាពអព្យាក្រឹត សម្រាប់ព្រឹត្តិការណ៍ទីក្រុងប៉ារីសឆ្នាំ ២០២៤។
ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មកពីប្រទេសចំនួន៣៥ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដែលបានលើកឡើងអំពីការព្រួយបារម្ភយ៉ាងខ្លាំង លើលទ្ធភាពនៃផែនការដើម្បីបញ្ចូលអត្តពលិករុស្ស៊ី និងបេឡារុស ទៅកាន់ការប្រកួតអន្តរជាតិ។
អត្តពលិកប្រទេសទាំងពីរ ត្រូវបានហាមឃាត់ដើម្បីជាការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ុយក្រែន តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កំពុងស្វែងរកផ្លូវសម្រាប់ពួកគេក្នុងការប្រកួតប្រជែងក្នុងនាមអត្តពលិកអព្យាក្រឹតភាព។
សេចក្តីថ្លែងការណ៍ជារួមពីប្រទេសចំនួន ៣៥ បានសង្កត់ធ្ងន់ថា អត្តពលិករុស្ស៊ី និងបេឡារុស មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនោះទេ ទាល់តែ IOC ដោះស្រាយការខ្វះខាតភាពច្បាស់លាស់លើគំរូអព្យាក្រឹតភាព ដែលអាចធ្វើការបាន៕