×

ការប្រកួតប្រណាំងម៉ូតូ Super cross ធ្វើឡើងដើម្បីលើកកម្ពស់អ្នកដែលចូលរួមពិសេសកីឡាករថ្នាល អភិវឌ្ឍខ្លួនជាអ្នកប្រណាំងអាជីព

ការប្រកួតប្រណាំងម៉ូតូហោះ Super cross បានចាប់ផ្តើមដំណើរការឡើងវិញក្រោយអាក់ខានមួយរយៈដោយបញ្ហានៃជំងឺកូវីដ១៩ ខណៈការប្រកួតដែលធ្វើឡើងនៅទីលានព្រែកលៀបនេះ ដើម្បីលើកកម្ពស់វិស័យកីឡាម៉ូតូហោះឡើងវិញ និង វាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ។

បើតាមការឱ្យដឹងពីលោក ព្យែ អ៊ីវកាត់ទ្រី អ្នករៀបចំព្រឹត្តការណ៍ FILYING BIKES Super cross ថា៖ “ រយៈពេលយូរមកហើយដែលយើងមិនបានរៀបចំការប្រកួត លើទីលានកម្រិតស្តង់ដា និងទទួលបាននូវការគាំទ្រច្រើនបែបនេះ ធ្វើឱ្យខ្ញុំ ពិតជាសប្បាយរីករាយមែនទែន។ មួយវិញទៀតនោះ ការប្រកួតចាប់ផ្តើមដំណើរការរហូតបញ្ចប់ ក៏មិនសូវជាមានបញ្ហាគ្រោះថ្នាក់ធំដុំអី្វកើតឡើងនោះដែរ។”

លោក ព្យែ បានថ្លែងអំណរគុណចំពោះសហព័ន្ធ ដែលបានផ្តល់សិទ្ធិឱ្យរៀបចំ ធ្វើឱ្យការប្រកួតមានភាពរលូន លើសការព្រាងទុក ពិសេសគឺដៃគូសហការឧបត្តម្ភដែលធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យ បើមិនមានពួកគាត់ចូលរួមឧបត្តម្ភនោះទេ ព្រឹត្តការណ៍នេះ ក៏មិនអាចកើតមានបានដែរ សង្ឃឹមថា ពួកគេនឹងបន្តការជួយគាំទ្រទៅមុខទៀត។

អ្នកជំនាញដដែលសង្កត់ធ្ងន់ថា គិតមកដល់ពេលនេះ វិញ្ញាសាប្រណាំងម៉ូតូ Super cross មានរយៈពេល៧ឆ្នាំហើយ ហើយការប្រកួតដែលធ្វើឡើងនាពេលនេះ គឺជាការធ្វើតេស្តកីឡាករ ជាមួយទីលានប្រកួតតែម្តង។ សម្រាប់ទីលាននៃការប្រកួត គ្រប់កីឡាករទាំងអស់ ពួកគេត្រូវមកសិក្សាស្វែងយល់ពីស្ថានភាពផ្លូវ ដើម្បីឱ្យកាន់តែច្បាស់ ដូច្នេះមុននឹងមានព្រឹត្តការណ៍កើតឡើង កីឡាករគួរមកធ្វើការហ្វឹកហាត់ឱ្យបាន ៤ទៅ៥ដង ដើម្បីសមជាមួយទីលាន។

មិនថាកីឡាណានោះទេ យុវជនគឺសំខាន់ ពិសេសកីឡាករវ័យក្មេងដែលបានចូលរួមការប្រកួតនេះ ហើយគណៈកម្មាការ និងសង្កេតមើលកីឡាករណាដែលមានជំនាញ ដើម្បីឱ្យគេអភិវឌ្ឍក្លាយជាអ្នកបើកបរអាជីព។ ហើយទៅថ្ងៃមុខ យើងនិងរៀបចំឱ្យមានការប្រកួតកាន់តែច្រើន សម្រាប់កីឡាករថ្នាល។ នេះជាការបញ្ចាក់បន្ថែម របស់លោក ព្យែ អ៊ីវកាត់ទ្រី។

បញ្ជាក់ដែរថា ព្រឹត្តការណ៍ FILYING BIKES Super cross បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយមានកីឡាករចូលរួមជាច្រើននាក់ ប្រកួតលើ៥វិញ្ញាសា រួមមាន៖ Class A B C , kid និង VIP ។ ចំពោះម្ចាស់ជយលាភីទាំង៥វិញ្ញាសាខាងលើនេះ ក៏នឹងមានឱកាសចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលខាងមុខផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង