×

សហព័ន្ធកីឡាទូកក្តោងកម្ពុជា បញ្ចូនកីឡាករជម្រើសជាតិ២រូប ចូលរួមព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង នៅ ប្រទេសថៃដើម្បីពង្រឹងសមត្ថភាព

ការប្រកួតកម្រិតអន្តរជាតិច្រើន គឺជាឱកាសមួយដ៏មានសារសំខាន់សម្រាប់អត្តពលិកកីឡាទូកក្តោងកម្ពុជា ក្នុងការប្រកួតប្រជែងដកស្រង់បច្ចេកទេស និងពង្រឹងសមត្ថភាព ត្រៀមប្រជែងមេដាយនាព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាខែឧសភាខាងមុខ។

នេះជាការលើកឡើងរបស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងឱកាសដែលសហព័ន្ធ បញ្ជូនប្រតិភូកីឡាទូកក្ដោងចំនួន ០៣នាក់ ដឹកនាំដោយលោក យិន កែវវសនា ប្រធានប្រតិភូ និងជាគ្រូបង្វឹក និងកីឡាកជម្រើសជាតិចំនួន០២នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

លោក សោម សុទ្ធរិទ្ធិពង្ស បានបញ្ជាក់ថា ការបញ្ជូនទៅនេះដែរគឺយោងតាមផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា។

អគ្គលេខាធិការវ័យក្មេង បានបន្ថែមថា មុនស៊ីហ្គេម សហព័ន្ធនឹងព្យាយាមពង្រឹងសមត្ថភាព តាមរយៈបញ្ជូនអត្តពលិកទៅប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនដង ជាពិសេសការចូលរួមនេះ ក៏ឱ្យមន្រ្តី និងប្រតិភូសិក្សាពីការរៀបចំការប្រកួតកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកទេស និងការរៀបចំទីលានប្រកួត ដើម្បីសហព័ន្ធមានទុនដ៏សំខាន់ម្ចាស់ការក្នុងការរៀបចំអោយទទួលបានជោគជ័យ នៅព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជា។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្តោង Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ មានកីឡាករ កីឡាការិនីសរុប ៥០នាក់ចូលរួម មកពី៥ប្រទេស មាន កម្ពុជា, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងថៃ ដែលជាម្ចាស់ផ្ទះ។ ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡាករ Windsurfing ចំនួន ០១រូប គឺកីឡាករ កែវ ភារុណ និង Wind Foil ចំនួន ០១រូប គឺកីឡាករ កែវ ភានុន ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ។

សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ គឺសហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមមន្រ្តីបច្ចេកទេស៤៥រូប និងចៅក្រមអន្តរជាតិ៥រូប ក្នុងនោះក៏មានចៅក្រមអន្តរជាតិកម្ពុជាមួយរូបផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង