នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC & CAMAPGOC) បានរៀបចំសន្និសីទស្តីពី សារព័ត៌មាន និងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ទាំងពីរខាងលើដោយមានការចូលរួមពីប្រពន្ធផ្សព្វផ្សាយ សារព័ត៌មានជាតិ និងអន្តរជាតិ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
ជាមួយគ្នានេះផងដែរ ការប្រកាសជាផ្លូវការពីដៃគូផ្សព្វផ្សាយនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏បានធ្វើឡើងនៅថ្ងៃនេះ ស្របពេលដែលសារព័ត៌មានទាំងអស់នឹងទទួលបានការធ្វើបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ក្នុងឱកាសនេះ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ “ថ្ងៃនេះគឺថ្ងៃពិសេស ដែលយើងបានជួបជុំគ្នា យើងសង្ឃឹមថារយៈពេល ២ថ្ងៃនៃការរួមចំណែកជួបជុំគ្នាជាគ្រួសារសារព័ត៌មានសម្រាប់ស៊ីហ្គេម ទោះបីគាត់មកពីណាក៏ដោយគាត់ត្រូវជាគ្រួសាររបស់យើង ចឹងយើងត្រូវតែរួមគ្នាក្នុងការរៀបចំនេះឱ្យបានល្អ ផ្សព្វផ្សាយស៊ីហ្គេមឱ្យបានល្អ យើងលក់កម្ពុជាទៅពិភពលោក ឱ្យពិភពលោកសម្លឹងមកកម្ពុជាទាំងអស់គ្នា ក្នុងពេលស៊ីហ្គេមនៅកម្ពុជានេះ ឱ្យឃើញថាកម្ពុជាមានសក្ដានុពលវប្បធម៌ សក្ដានុពលទេសចរណ៍ សក្ដានុពលសេដ្ឋកិច្ច និងឱ្យឃើញថាប្រជាជនកម្ពុជាពិតជាប្រជាជនដែលមានអរិយធម៌ខ្ពស់ ផ្ដល់នូវភាពកក់ក្ដៅដល់ភ្ញៀវដែលចូលរួមកីឡាស៊ីហ្គេម”។
សកម្មភាពថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ សម្រាប់ថ្ងៃទី១៧ ខែមីនាស្អែក គឺសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកទាំងអស់ ត្រូវធ្វើដំណើរទស្សនកិច្ចតាមបណ្ដាទីលានប្រកួតនានា ដូចជានៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួមទាំងទីលានសំខាន់ៗក្នុងរាជធានីភ្នំពេញផ្សេងៗទៀតផងដែរ៕