×

លោក វ៉ាត់ ចំរើន អំពាវនាវឱ្យអ្នកសារព័ត៌មានរួមគ្នាបំបាត់ព័ត៌មានក្លែងក្លាយ ខណៈកម្ពុជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នឹងចាប់ផ្តើមឆាប់ៗនេះ

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន បានធ្វើការអំពាវដល់អ្នកសារព័ត៌មានទាំងអស់រួមគ្នាបំបាត់ព័ត៌មានក្លែងក្លាយ ដែលអាចនឹងកើតមានដោយជនអគតិមួយចំនួន ខណៈស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅពេលខាងមុខឱ្យដំណើរការទៅដោយរលូន និងរួមគ្នាបង្ហាញពីភាពវិជ្ជមានឱ្យបានច្រើន ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

ការលើកឡើងនេះរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសធ្វើសន្និសីទស្តីពីសារព័ត៌មាន និងការផ្សព្វផ្សាយកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។

លោក វ៉ាត់ ចំរើន បានថ្លែងថា សូមអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវកម្មវិធី និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា និងសូមជួយនាំសារនៃភាពជាវិជ្ជមានពីការរៀបចំនានា នៃព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ដែលកម្ពុជារង់ចាំក្នុងការធ្វើជាម្ចាស់ផ្ទះនៃកីឡានេះអស់រយៈប្រមាណ ៦៤ឆ្នាំមកហើយ។

លោកអគ្គលេខា មានប្រសាសន៍ថា បញ្ហាព័ត៌មានក្លែងក្លាយជាចំណុចក្តៅ ដែលសូមឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមជួយបង្រ្កាប និងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ ដែលវាមិនមានការពិតមិនមានមូលដ្ឋានច្បាស់លាស់ ដែលវាបានបំពុលទាំងសង្គម ក៏ដូចជាទិដ្ឋភាពទូទៅនៃការរៀបចំនានាដែលទាំងអស់នេះវាទាមទារ ឱ្យអ្នកសារព័ត៌មានយើងទាំងអស់រួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្រ្កាប និងលុបបំបាត់នូវប្រភេទព័ត៌មានក្លែងក្លាយ ទាំងនេះឱ្យខាងតែបាន។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមានរយៈ១២ថ្ងៃ ដោយនឹងត្រូវធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភាខាងមុខ ហើយនឹងមានប្រភេទកីឡាជាច្រើនសម្រាប់ធ្វើការប្រកួត៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង