ការប្រកួតរត់ម៉ារ៉ាតុន កម្មវិធី Barcelona Marathon 2023 បានបញ្ចប់រួចហើយ ក្រោយពីដំណើរការ កាលពីថ្ងៃអាទិត្យ នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ជាលទ្ធផលគឺ កីឡាករបារ៉ែន Marius Kimutai ជាអ្នកទទួលជ័យជម្នះ ដោយក្នុងការរត់ដែលមានចម្ងាយផ្លូវ 42.195 គីឡូម៉ែត្រ បុរសវ័យ៣០ឆ្នាំ រូបនេះ បានប្រើពេលអស់ ២ម៉ោង ៥នាទី និង៦វិនាទី។ កីឡាករម៉ារ៉ុក Othmane El Goumri រត់មកដល់ទីព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ២ ប្រើពេលអស់ ២ម៉ោង ៥នាទី និង១២វិនាទី ហើយកីឡាករទួគី Kaan Kigen Özbilen រត់មកដល់ទីព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ៥នាទី និង៣៧វិនាទី។
សម្រាប់លទ្ធផលការប្រកួតខាងផ្នែកនារីវិញគឺ កីឡាការិនីអេត្យូពី Zeineba Yimer Worku ជាអ្នកទទួលបានជ័យជម្នះដោយប្រើពេលអស់ ២ម៉ោង ១៩នាទី និង៤៤វិនាទី។ កីឡាការិនី កេនយ៉ា Selly Chepyego Kaptich បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយប្រើពេលអស់ ២ម៉ោង ២០នាទី និង៣វិនាទី ហើយកីឡាការិនីរ៉ូមានី Delvine Meringor បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ២០នាទី និង៤៩វិនាទី។
សូមបញ្ជាក់ថា ការប្រកួតរត់ម៉ារ៉ាតុន កម្មវិធី Barcelona Marathon បានចាប់ផ្តើមដំណើរការជាលើកដំបូង កាលពីឆ្នាំ ១៩៧៨ មកទល់ពេលនេះវាមានរយៈពេល៤៥ឆ្នាំមកហើយ។ កំណត់ត្រារត់លឿនជាងគេរបស់កម្មវិធីកំពុងកាន់កាប់ដោយកីឡាករអេត្យូពី Yihunilign Adane និងកីឡាការិនីអេត្យូពី Meseret Gebre ដែលធ្វើបានកាលពីឆ្នាំ ២០២២ ដូចគ្នា៕