នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះរាជពិធី ប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡា បានប្រារព្វឡើងជាផ្លូវការហើយ ក្រោមរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី។
ព្រះអង្គទ្រង់បានប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដល់អត្តពលិកកម្ពុជា ដើម្បីរត់ជុំវិញវង់តូច មុនបន្តដំណើរនាំយកភ្លើងព្រះអាទិទេព ដែលជាព្រះអគ្គីជ័យកីឡា ឆ្ពោះទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ទៀត។
សូមបញ្ជាក់ថា មុនមួយថ្ងៃនៃពិធីដែលធ្វើឡើងនាពេលនេះ នៅមុខប្រាសាទអង្គរវត្តដែលជាទីកន្លែងប្រារព្វពិធីដ៏អស្ចារ្យ គឺបានរៀបចំធ្វើពិធីក្រុងពាលី សុំភ្លើងពីព្រះអាទិទេព យកមកតម្កល់ក្នុងបុស្បុកជាទីកន្លែងរក្សាទុកព្រះអគ្គីជ័យកីឡាផងដែរ។
ពិធីដ៏អច្ឆរិយៈនេះប្រារព្វឡើង ចំថ្ងៃសមរាត្រី ដែលជាថ្ងៃព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ បានធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៅពេលនេះ មានការអបអរសាទរពីប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ បានជ្រួតជ្រាបពេលវេលាដ៏អស្ចារ្យ និងបានឃើញពីការរៀបចំ។
យោងតាមកម្មវិធីរបស់គណៈកម្មការCamsoc ពេលទទួលព្រះអគ្គីជ័យកីឡា ពីអង្គព្រះមហាក្សត្រ កីឡាកររត់ភ្លើងគប់ នឹងរត់ជុំវិញវង់តូច បន្ទាប់មកព្រះអគ្គីជ័យកីឡា នឹងបន្តដំណើរតាមយន្តហោះពិសេសឆ្ពោះទៅកាន់ប្រទេសវៀតណាម រួចបន្តទៅប្រទេសហ្វីលីពីន, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ទីម័រ, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងចុងក្រោយគឺប្រទេសឡាវ រួចបន្តចូលមកកម្ពុជាវិញ៕