បាល់ទាត់លើតុ (Teqball) ជាប្រភេទកីឡាថ្មីទើបនឹងត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ ពិសេសមានវត្តមានក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជានេះ បានបើកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន និងចៅក្រមអាជ្ញាកណ្ដាលអន្តរជាតិ រយៈពេល ៣ថ្ងៃដើម្បីពង្រឹងសមត្ថភាពត្រៀមរៀបចំការប្រកួតនៅស៊ីហ្គេម ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
វគ្គដ៏សំខាន់ និងជាលើកដំបូងនេះ មានគ្រូឧទ្ទេសជនជាតិហុងគ្រី គឺលោក Marton Kereszturt បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះបង្ហាត់បង្ហាញដល់សិក្ខាកាមបានយល់កាន់តែច្បាស់អំពីសាវតារប្រភេទកីឡាបាល់ទាត់លើតុ និងឱ្យយល់ដឹងកាន់តែច្បាស់អំពីបច្ចេកទេស និងការគ្រប់គ្រងលើការប្រកួតតែម្ដង។
លោក Gao Feng អនុប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុ បានថ្លែងនូវក្តីរីករាយដែលបានរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិសេសលោកក៏អំពាវនាវ ដល់កីឡាករ-កីឡាការិនី ត្រូវរួមគ្នាខិតខំសិក្សានិងប្រឹងប្រែងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់លើតុ ឱ្យកាន់តែទូលំទូលាយឡើងដល់កម្រិតថ្មីមួយ ហើយខិតខំសម្រេចលទ្ធផលឱ្យបានល្អប្រសើរ។
គួរដឹងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមូលដ្ឋាន និងចៅក្រមអាជ្ញាកណ្ដាលអន្តរជាតិនេះគឺមានសារសំខាន់ចំពោះសិក្ខាកាមដើម្បីត្រៀមខ្លួនធ្វើឱ្យបានល្អនៅស៊ីហ្គេម នាពេលខាងមុខនេះ។ កីឡាមួយនេះ ក៏នឹងធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ប៉ុន្តែមិនបានរាប់បញ្ចូលជាផ្លូវការនូវមេដាយជ័យជម្នះនោះទេ ព្រោះការរៀបចំឡើងនេះ ដើម្បីបង្ហាញដល់ប្រជាជនកម្ពុជា បានស្គាល់ពីប្រភេទកីឡាថ្មី និងចូលរួមលេងផងដែរ។
សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃ ទី២០ ដល់ ២២ ខែមីនា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន ២០នាក់។ វគ្គនេះ គឺបានគ្រូឧបទេសអន្តរជាតិមកពីប្រទេសហុងគ្រី លោក Marton Kereszturt ដែលជាដើមកំណើតនៃកីឡាបាល់ទាត់លើតុ (Teqball)តែម្តង៕