×

CAMSOC ៖ សហព័ន្ធប្រដាល់សកលដាក់ផែនការពង្រឹងក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម ២លើកចំពោះមុខ

ភ្នំពេញ៖ តាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់សកលបានដាក់ផែនការយុទ្ធសាស្ត្រចម្បងៗរបស់ខ្លួន ដើម្បីពង្រឹងគុណភាពបច្ចេកទេសលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ នៅក្នុងស្រុក និងនៅក្រៅប្រទេស ដើម្បីត្រៀមឆ្ពៅះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជាគូសបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានផ្តោតសំខាន់លើការត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ និងត្រួតពិនិត្យមើលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាត្រៀមលក្ខណៈបញ្ជូនកីឡាករ៣នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ។

លោកបន្ថែមថា លទ្ធផលនៃកិច្ចប្រជុំនេះ គឺសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានពង្រឹងទៅលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិលក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីពង្រឹងបច្ចេកទេសរបស់ពួកគេ ត្រៀមឆ្ពោះចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលបានពន្យារពេលជាផ្លូវការ ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ខាងមុខ។ ក្នុងនោះសមាជិកប្រតិបត្តិសហព័ន្ធក៏បានលើកឡើងនូវការរៀបចំស្នើសុំទិដ្ឋាការសម្រាប់កីឡាករជម្រើសជាតិប្រដាល់សកល៣នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ ដែលគ្រោងនឹងចេញដំណើរនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ នៅក្នុងអំឡុងពេលហ្វឹកហាត់នោះ កីឡាករទាំងនោះក៏មានឱកាសបានចូលរួមប្រកួតប្រដាល់សកលលក្ខណៈអាជីពរបស់ប្រទេសបារំាងទៀតផង ដើម្បីគោលដៅបង្កើនបច្ចេកទេសកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេម នាពេលខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ចំពោះការងារទិសដៅដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាប្រដាល់ សកល ប្រចាំសប្តាហ៍ ឬអាចប្រចាំខែ អាស្រ័យដោយថវិការៀបចំរបស់ខ្លួន ដែលបច្ចុប្បន្ន សហព័ន្ធកំពុងស្វែងរកដៃគូសប្បុរសជន ក្នុងការឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះឲ្យផលិតបាននូវធនធានកីឡាករ កីឡាការិនីប្រដាល់សកលឲ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពល្អប្រសើរផងដែរ។ លោកអគ្គលេខាធិការរូបនេះ បានចាត់ទុកថា ការប្រកួតប្រចាំសប្តាហ៍ ក្រោមការរៀបចំដោយសហព័ន្ធប្រដាល់សកលដោយផ្ទាល់នឹងក្លាយជាព្រឹត្តិការណ៍ថ្មីមួយ ក្នុងការពង្រឹងគុណភាពកីឡាករ កីឡាការិនី ក៏ដូចជាបង្កើតបាននូវភាពកាន់តែល្អប្រសើរបន្ថែមទៀតនូវកិច្ចការងារ ការវិនិច្ឆ័យរបស់គណៈកម្មការបច្ចេកទេស អាជ្ញាកណ្តាល-ចៅក្រមផងដែរ។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហព័ន្ធប្រដាល់សកលកម្ពុជា ជាបន្តបន្ទាប់ ក៏ដូចជាទិសដៅដ៏ធំចម្បងៗ របស់ខ្លួន ដែលបានដាក់ចេញ និងកំពុងប្រតិបត្តិតាមផែនការយុទ្ធសាស្ត្រនោះ គឺដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នសហព័ន្ធកីឡាជាតិនានា កំពុងតែបន្តនូវការខិតខំបណ្តុះបណ្តាលកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ស្រប តាមផែនការមេនៃស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញតម្រង់ទិស សម្រួចគោលដៅឲ្យបានគត់មត់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដើម្បីសម្រេចឲ្យបាននូវជោគជ័យជាប្រវត្តិសាស្ត្រនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ៕

ប្រភពអត្ថបទនិងរូបភាព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង