ការស៊ុតចុងម៉ោងរបស់កីឡាករ Mauro Icardi បានជួយឱ្យក្រុម Paris St Germain (PSG) ទទួលបានជ័យជម្នះ ក្នុងលទ្ធផល ២-១ ក្នុងផ្ទះរបស់ពួកគេ លើក្រុម Olympique Lyonnais ។
Icardi បានរកគ្រាប់បាល់ជ័យជម្នះពីការបញ្ជូនបាល់របស់ Kylian Mbappe នៅសល់៤បន្ទាប់ពីកញ្ចែបញ្ចប់តង់ បន្ទាប់ពី Neymar បានទាត់បាល់ប៉េណាល់ទី តាមពីក្រោយគ្រាប់បាល់បើកឆាកនៅតង់ទី២ របស់ Lucas Paqueta ខណៈក្រុម PSG រក្សាកំណត់ត្រាល្អឥតខ្ចោះរបស់ពួកគេដោយមាន ១៨ពិន្ទុ។
Messi ក្នុងការបង្ហាញខ្លួនលើកទី៣ របស់គេសម្រាប់ PSG បានស៊ុតប៉ះបង្គោលទី ប៉ុន្តែមិនអាចរកគ្រាប់បាល់បានទេ។ គេត្រូវបានប្តូរចេញនៅនាទី៧៦។
ការទាត់បាល់ហ្វ្រីឃីកពីចម្ងាយ ២៥ ម៉ែត្ររបស់ Messi មិនទទួលបានជោគជ័យទេ។ Messi ហាក់មានការភ្ញាក់ផ្អើលនៅពេលដែលគាត់ត្រូវបានជំនួសដោយខ្សែការពារ Achraf Hakimi ។
លោក Mauricio Pochettino គ្រូបង្វឹក PSG បានជ្រើសរើស Messi, Neymar, Mbappe និង Angel Di Maria នៅចំពោះមុខខ្សែបម្រើពីរនាក់ដែលមាន Idrissa Gueye និង Ander Herrera ខណៈដែល Gianluigi Donnarumma បានចាប់ផ្តើមការប្រកួតក្របខណ្ឌ Ligue 1 ជាលើកទី ២ របស់គេ បន្ទាប់ពី Keylor Navas បានចាប់ផ្តើមនៅ Champions League ។
ដោយឡែក ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្តរកគ្រាប់បាល់ទី៣ របស់ខ្លួន ក្នុងការបង្ហាញខ្លួនលើកទី២ នៅក្របខណ្ឌ Premier League ឱ្យក្រុម Manchester United ទល់នឹងក្រុមម្ចាស់ផ្ទះ West Ham នៅកីឡដ្ឋានទីក្រុងឡុងដ៍ កាលពីយប់មិញ។
វាក៏ជាគ្រាប់បាល់ទី៤របស់ Ronaldo នៅក្នុងការបង្ហាញខ្លួន ៣លើកនៅគ្រប់កម្មវិធីទាំងអស់ សម្រាប់ក្រុមបិសាចក្រហម បន្ទាប់ពីការផ្ទេរពីក្លិប Juventus ។
គ្រាប់បាល់របស់កីឡាករ វ័យ ៣៦ឆ្នាំរូបនេះ គឺជាការតាមពីក្រោយ West Ham ដែលបានស៊ុតនាំមុខដោយ Benrahma ដោយបាល់បានបុក Raphael Varane រួចចូលទី។ Jesse Lingard បានស៊ុតគ្រាប់បាល់ជ័យជម្នះ សម្រាប់លទ្ធផល ២-១ ឱ្យក្រុមភ្ញៀវ នៅនាទី៨៩ មុនពេលក្រុមម្ចាស់ផ្ទះ ទទួលបានបាល់ប៉េណាល់ទីនៅក្នុងម៉ោងបន្ថែម តែស៊ុតមិនបានចូលរបស់ Mark Noble ដោយសារការសង្គ្រោះរបស់ David de Gea ៕