ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលតម្កល់ទុកក្នុងវត្តរាជបូណ៌ រយៈកាល ១យប់ ត្រូវបានដង្ហែចេញទៅកាន់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២២មិនាឆ្នាំ២០២៣ដើម្បីដង្ហែឆ្ពោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ជាទីដែលពិធីរត់ភ្លើងគប់ ឆ្លងកាត់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្ដើមធ្វើឡើងជាផ្លូវការ។
ពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ាននេះ ដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ រួមជាមួយ ប្រតិភូកីឡាកម្ពុជាទៅកាន់់ប្រទេសទាំង១០ ដោយមានការរង់ចាំស្វាគមន៍ពីម្ចាស់ផ្ទះយ៉ាងកក់ក្តៅបំផុត។
នាថ្ងៃដដែលមុនដំណើរចាកចេញ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ក្នុងនាមជាជាបេសកជនពិសេសតំណាង Camsoc បានមាប្រសាសន៍ថា កម្ពុជាជាប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត ទើបនាំមកនូវស្ថេរភាពនយោបាយ និងនាំមកនូវអ្វីៗទាំងអស់ ។
សូមបញ្ជាក់ដែរថា នាថ្ងៃទី២២មិនាដដែល ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC បានទៅដល់ប្រទេសវៀតណាមជាផ្លូវការ និងត្រូវបានទទួលស្វាគមន៍ពីលោកជំទាវ ជា គឹមថា ឯករាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។
ភ្លើងគប់ ត្រូវដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅក្នុងទីក្រុងហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មុនបន្តហោះឆ្ពោះទៅកាន់ ទ្រីក្រុង ម៉ានីល ប្រទេសហ្វីលីពីន និងប្រទេស៧ផ្សេងទៀតតាមពេលវេលាដែលបានកំណត់៕