×

កម្ពុជា រកបានមេដាយមាស៥ ក្នុងចំណោម៩គ្រឿង ពីការប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ីអាគ្នេយ៍ លើកទី៦

ក្នុងឋានៈជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ កម្ពុជាឈ្នះមេដាយសរុបចំនួន៩គ្រឿង នាថ្ងៃទី២៧មិនាដែលជាថ្ងៃប្រកួតបើកឆាក និងឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតារាងដែលមានប្រទេសចូលរួមចំនួន៧។

ក្នុងចំណោមមេដាយចំនួន៩គ្រឿងដែលម្ចាស់ផ្ទះកម្ពុជារកបាននោះ មានមាស ៥គ្រឿង ប្រាក់២ និង សំរឹទ្ធិ ២គ្រឿង ខណៈដែល វៀតណាម ឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះបានមេដាយសរុប៦គ្រឿង មានមាស២ និង ប្រាក់៤គ្រឿង។ រីឯប្រទេសថៃ ឈ្នះមេដាយមាស១ ប្រាក់២ និង សំរឹទ្ធិ២គ្រឿង តាមពីក្រោយដោយមីយ៉ាន់ម៉ា ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធិ៦គ្រឿង ។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឲ្យដឹងក្នុងពិធីបើកនារសៀលថ្ងៃដដែលថា ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ីអាគ្នេយ៍ លើកទី៦ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នេះជាការប្រកួតដ៏សំខាន់ ក្នុងការត្រៀមរៀបចំជាបទពិសោធន៍ និងការត្រៀមលក្ខណៈឱ្យបានកាន់តែប្រសើរ ទាំងក្រុមមន្រ្តីបច្ចេកទេស និងក្រុមអត្តពលិក ជម្រើសជាតិ ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ប្រធានសហព័ន្ធដដែលបន្ថែមថា ការប្រកួតនេះប្រកបដោយតម្លាភាព តាមរយៈការកាត់សេចក្តីរបស់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ត្រូវតែត្រឹមត្រូវ យុត្តិធម៌ ដោយមិនបង្កការប៉ះទង្គិចផ្លូវអារម្មណ៍របស់ប្រតិភូ កីឡាករ កីឡាការិនីអាស៊ីអាគ្នេយ៍ ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ»។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ឆ្នាំ២០២៣ មានប្រទេសចំនួន៦បានបញ្ជូន ប្រតិភូ អត្តពលិកមកប្រកួតប្រជែងជាមួយម្ចាស់ផ្ទះកម្ពុជា រួមមាន៖ ប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម ជាម្ចាស់ក្បាច់គុននេះ សរុបចំនួន ២០២នាក់ ក្នុងនោះកីឡាករ កីឡាការិនី១៣៧នាក់ ប្រតិភូដឹកនាំ ២៤នាក់ អាជ្ញាកណ្តាលចៅក្រម ១៧នាក់ និងគ្រូបង្វឹក ២៤នាក់។

វិញ្ញាសាដែលដាក់ឲ្យអត្តពលិកប្រកួតប្រជែងសរុបចំនួន៣០ ដោយចំនួននេះដូចគ្នាទៅនឹងចំនួនវិញ្ញាសា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្នុងនោះមានវិញ្ញាសាប្រយុទ្ធ ៨ប្រភេទទម្ងន់ និងសម្តែង២២វិញ្ញាសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង