×

ខេត្តកណ្តាល បិទបញ្ចប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០២២- ២០២៣

ការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២២- ២០២៣ បានបញ្ចប់ដោយជោគជ័យ កាលពីរសៀលថ្ងៃទី២៩មិនាឆ្នាំ២០២៣ ដោយរកឃើញម្ចាស់ជយលាភី ទាំង៥ប្រភេទកីឡា ក្រោយដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣មក។

ថ្លែងនាឱកាសបិទបញ្ចប់ការប្រកួត លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាការនិង អនុគណៈកម្មាការបច្ចេកទេសទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំឱ្យមានការប្រកួតនេះ និងធ្វើឱ្យការប្រកួតបានល្អប្រសើរ មានភាពសុក្រឹត យុត្តិធម៌ និងជោគជ័យ។

លោកស្រីបន្តថា វិស័យកីឡាជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្រ្ត និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។

លោកស្រី ហ៊ុន កុសនី បានផ្តាំផ្ញើរដល់ម្ចាស់មេដាយទាំងអស់ដែលដណ្តើមបាននាពេលនេះ ត្រូវន្ថែមការហ្វឹកហាត់បន្តទៀត ដើម្បីទៅចូលរួមប្រកួតថ្នាក់ជាតិនាពេលខាងមុខ។ សម្រាប់អ្នកដែលមិនទទួលបានជយលាភី ក៏កុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើងមិនទាន់ដល់កម្រិតទើបយើងចាញ់ ហេតុនេះត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតនាឆ្នាំក្រោយដណ្តើមយកមេដាយជូនក្រុមវិញ។

សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ គឺប្រកួតតាមរូបមន្តវិលជុំ ចែកពូល និងជម្រុះ ដោយមាន៥ប្រភេទកីឡាចូលរួម ដូចជា៖ បាល់ទាត់បុរសមាន១០ក្រុម និងនារី៤ក្រុម ស្មើ ៤៣២នាក់ ក្នុងនោះស្រី៧២នាក់ ។ ប្រភេទកីឡាបាល់ទះ មានបុរស៦ក្រុម និងនារី៣ក្រុម ស្មើនិង១០៨នាក់ ក្នុងនោះស្រី៣៦នាក់។ រីឯប្រភេទកីឡាបាល់បោះ មានបុរស ៦ក្រុម និងនារី៣ក្រុម ស្មើនិង ១០៨នាក់ ក្នុងនោះស្រ្តី៣៦នាក់។

សម្រាប់កីឡាអត្តពលកម្ម មានចំនួន១០ក្រុម ទាំងបុរស នារី ស្មើនិង១២០នាក់ ខណៈប្រភេទកីឡាប៉េតង់ មាន៦ក្រុមផ្នែកបុរស និង ៣ក្រុមផ្នែកនារី ស្មើរនិង៣៦នាក់។

ចំពោះទីលាននៃការប្រកួតបាល់ទាត់ធ្វើឡើងនៅកីឡដ្ឋានខេត្តកណ្តាល, បាល់ទះនៅទីលានវិទ្យាល័យហ៊ុនសែន សេរីភាព, ចំពោះប្រភេទកីឡាបាល់បោះ ធ្វើនៅវិទ្យាល័យហ៊ុនសែនតាខ្មៅ។ សម្រាប់ប្រភេទកីឡាអត្តពលកម្ម ធ្វើនៅកីឡដ្ឋានខេត្ត, សាលាមជ្ឈមណ្ឌលគរុ ភូមិភាគខេត្ត និង បរិវេនសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។ ចំពោះប្រភេទកីឡាប៉េតង់ ធ្វើឡើងនៅទីលានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង