យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ឯកឧត្តម សុខ សុខសប្បាយ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិ (National Games) លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ប្រសិនបើស្ថានភាពកូវីដ-១៩ អំណោយផល ដើម្បីជាការធ្វើតេស្ដមួយ ក្នុងការពង្រឹង និងពង្រីកវិសាលភាពកីឡាជាតិ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ការលើកឡើងរបស់អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បន្ទាប់ពីឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្ដីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាជាតិទាំងអស់ និងមន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត រួមទាំងនាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។
ឯកឧត្តម សុខ សប្បាយណា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្ដល់ព័ត៌មានឲ្យបានមុនពេលវេលាដល់សហព័ន្ធកីឡាជាតិ និងមន្ទីរគ្រប់រាជធានី-ខេត្ត ឲ្យបានដឹងពីគោលបំណងនៃការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ដែលគ្រោងនឹងរៀបចំនាឆ្នាំ២០២២ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ អំណោយផល ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានត្រៀមផែនការ និងប្រកបដោយប្រសិទ្ធភាព ក្នុងការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។
ឯកឧត្តមបន្ដថា «យើងយល់ច្បាស់អំពីស្ថានភាពកូវីដ ហើយក៏យើងមិនអាចឆ្លើយថា ១០០% យើងនឹងរៀបចំកីឡាជាតិដែរ គ្រាន់តែយើងត្រៀមលក្ខណៈ ត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២២ នៅពេលបរិយាកាសអំណោយផល គឺយើងនឹងធ្វើ តែបើយើងអត់ត្រៀម យើងអត់មានផែនការទេ គឺយើងអាចមិនមានលទ្ធភាពធ្វើ ហើយបើធ្វើ ក៏មិនមានពេលគ្រប់គ្រាន់ ដើម្បីឲ្យវាមានប្រសិទ្ធភាព ហើយអាចពង្រឹង និងពង្រីកវិសាលភាពក្នុងកីឡាជាតិ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងធ្វើម្ចាស់ផ្ទះដែរ»។
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា កីឡាជាតិ លើកទី៣ គ្រោងនឹងរៀបចំស្របតាមផែនការយុទ្ធសាស្រ្ដស៊ីហ្គេម ឆ្នាំ២០២៣ ទាំងវិញ្ញាសា និងប្រភេទកីឡា ដែលត្រៀមរៀបចំរហូតដល់ ៣៩ប្រភេទកីឡា បូករួមទាំងកីឡាប៉ារ៉ាឡាំពិកចំនួន ៧ប្រភេទកីឡាទៀត។ នេះគឺជាការវិវឌ្ឍន៍មួយដ៏ធំនៃកីឡាជាតិ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីរាជរដ្ឋាភិបាល ដ្បិតការប្រកួតលើកទី១ កាលពីឆ្នាំ២០១៦ រៀបចំត្រឹម ១៥ប្រភេទកីឡា និងការប្រកួតលើកទី២ ឆ្នាំ២០១៨ ពង្រីកការរៀបចំត្រឹម ២៧ប្រភេទកីឡាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានកំណត់ធ្វើឡើង ២ឆ្នាំម្ដង ដើម្បីបំផុសសកម្មភាពលេងកីឡា និងជំរុញការអភិវឌ្ឍវិស័យកីឡាជាតិ ស្របតាមផែនការមេនៃដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ប៉ុន្ដែក្រោយរៀបចំបាន ២លើក កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨ ព្រឹត្ដិការណ៍លើកទី៣ ដែលគ្រោងរៀបចំនៅឆ្នាំ២០២០ ត្រូវបានខកខានទៅវិញ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតមកទល់ពេលនេះ ទើបកម្ពុជាត្រៀមរៀបចំជាថ្មី ដើម្បីជាការត្រៀមខ្លួនមួយ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣៕
ប្រភពអត្ថបទ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)