យ៉ាងហោចណាស់មានមនុស្សប្រមាណ៥ម៉ឺន៥ពាន់នាក់ឯណោះ ដែលធ្វើដំណើរមកពី១៤៥ប្រទេសជុំវិញពិភពលោក បាននាំគ្នាមកចូលរួមការប្រកួតរត់ម៉ារ៉ាតុនកម្មវិធី Paris Marathon 2023 ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។
ការប្រកួតបានធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង ដោយអ្នកចូលរួមទាំងអស់ត្រូវធ្វើការរត់លើចម្ងាយផ្លូវ ប្រមាណ 42.195 គីឡូម៉ែត្រ។
ជាលទ្ធផលការប្រកួតផ្នែកបុរសគឺ ជ័យជំនះបានទៅលើកីឡាករអេត្យូពី Abeye Ayana ដោយរូបគេបានប្រើពេលអស់ ២ម៉ោង ៧នាទី និង១៥វិនាទី។
លេខ២ក៏បានទៅលើកីឡាករជនជាតិអេត្យូពីដែរគឺកីឡាករ Guye Adola ប្រើពេលអស់ ២ម៉ោង ៧នាទី និង៣៥វិនាទី ហើយកីឡាករកេនយ៉ា Josphat Boit ទទួលបានចំណាតថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ៧នាទី និង៤០វិនាទី។
សម្រាប់លទ្ធផលការប្រកួតផ្នែកនារីវិញគឺ កីឡាការិនីកេនយ៉ា Helah Kiprop ជាអ្នកទទួលបានជ័យជំនះ ប្រើពេលអស់ ២ម៉ោង ២៣នាទី និង១៩វិនាទី។ លេខ២បានទៅលើកីឡាការិនីអេត្យូពី Atalel Anmut ប្រើពេលអស់ ២ម៉ោង ២៣នាទី និង១៩វិនាទី ដូចគ្នា ហើយកីឡាការិនីអេត្យូពី Fikrte Wereta បានលេខ៣ ប្រើពេលអស់ ២ម៉ោង ២៣នាទី និង២២វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Paris Marathon 2023 គឺជាការដំណើរការលើកទី៤៧ក្នុងប្រវត្តិសាស្ត្រ ហើយវាត្រូវចាត់ទុកជាការរត់ម៉ារ៉ាតុន ដែលមានមនុស្សចូលរួមច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីកម្មវិធី New York City Marathon៕