ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ នៅខេត្តព្រះសីហនុ ជាព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិទាក់ទាញមួយដើម្បីបន្ថែមគុណតម្លៃ ក្នុង ការផ្សព្វផ្សាយដំណើរការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចូលមកដល់ក្នុងរយៈពេលតែជាង ១ខែទៀតប៉ុណ្ណោះ ស្របពេលខេត្តព្រះសីហនុ នឹងត្រូវទទួលរៀបចំកីឡាចំនួន ៣ប្រភេទ រួមមានកីឡាទូកក្ដោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះ លើឆ្នេរខ្សាច់។
ថ្លែងឱ្យដឹងក្រោយចប់ព្រឹត្តការណ៍កាលពីថ្ងៃអាទិត្យទី ២ មេសា ឆ្នាំ២០២៣ម្សិលមិញនេះ លោក សែម ផល្លា អ្នករៀបចំព្រឹត្តការណ៍ មានប្រសាសន៍ថា៖ «លើកទី៨ នេះយើងទើបតែចាប់ផ្ដើមផ្សព្វផ្សាយ ហើយយើងទទួលការគាំទ្រពីសំណាក់កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ ចូលរួមចំនួនជាង ១,២០០នាក់ ក្នុងនោះមានភ្ញៀវបរទេស ១៧០នាក់ ដែលមកពី ២៤ប្រទេស។ ខ្ញុំយល់ថាការស្ដារឡើងវិញជាលើកដំបូងក្រោយសម័យកូវីដ ចំនួនដែលចូលរួមគឺគួរឱ្យកត់សម្គាល់ ជាភាពជោគជ័យមួយ ដោយមានការគាំទ្រពីសំណាក់កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ បើធៀបទៅនឹងឆ្នាំ២០១៨ យើងស្ដារបានជាង ៥០ភាគរយ ហើយខ្ញុំសង្ឃឹមជឿជាក់ថាឆ្នាំក្រោយទៀតរឹតតែល្អប្រសើរ ព្រោះយើងមានភាពកក់ក្ដៅដោយសាររាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុ គឺលោកបានយកចិត្តទុកដាក់ និងគាំទ្រ»។
ជាមួយគ្នានោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងប្រារព្ធពិធី។
ឯកឧត្តមមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាសដល់ខេត្តព្រះសីហនុ អាចអភិវឌ្ឍន៍បានសមសម្របសម្រាប់ការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងនាំឱ្យមានព្រឹត្តិការណ៍នេះកើតមានឡើង។ដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពស្រស់ស្អាត ទាក់ទាញខ្លាំង ហើយវិញ្ញាសារត់ ២១គីឡូម៉ែត្រត្រូវរត់លើដងផ្លូវជាប់មាត់ឆ្នេរសមុទ្រដល់ទៅ ៨គីឡូម៉ែត្រ ដែលធ្វើឲ្យអ្នករត់ប្រណាំងទាំងឡាយកាន់តែស្រស់ស្រាយ សប្បាយរីករាយទ្វេឡើង។
បញ្ជាក់ដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៨ ខេត្តព្រះសីហនុ បែងចែកជា ៤វិញ្ញាសា រួមមាន ៖ ចម្ងាយ ២១ គីឡូម៉ែត្រ , ១០ គីឡូម៉ែត្រ , ៥ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិនេះ គឺដើម្បីអបអរសាទរដល់ដំណើរឆ្ពោះទៅធ្វើ ជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ និងគាំទ្រជំរុញវិស័យទេសចរណ៍ បរិស្ថានបៃតង ភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ព្រមទាំងស្វែងរកថវិកាដើម្បីបរិច្ចាគដល់ការងារសប្បុរសធម៌៕