×

កីឡាករហូឡង់ Max Verstappen ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Australian Grand Prix

ម្ចាស់ជើងឯកពិភពលោក២សម័យ កីឡាករហូឡង់ Max Verstappen បានទទួលជ័យជម្នះនៅក្នុងការប្រណាំងរថយន្ត F1 កម្មវិធី Australian Grand Prix។

ការប្រកួតបានធ្វើឡើងនាទីលាន មានឈ្មោះថា Albert Park Circuit ស្ថិតក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដោយកីឡាករត្រូវប្រជែងគ្នាចំនួន ៥៨ជុំទីលាន សរុបចម្ងាយផ្លូវ ៣០៦.១២៤ គីឡូម៉ែត្រ។
ជាលទ្ធផលគឺ Max Verstappen ធ្វើបានល្អជាងគេ ដោយសមាជិកក្រុម Red Bull Racing ប្រើពេលអស់តែ ២ម៉ោង ៣២នាទីនិង៣៨វិនាទី ចុច៣៧១។

ចំណែងឯចំណាត់ថ្នាក់លេខ២បានទៅលើម្ចាស់ជើងឯកពិភពលោក៧សម័យកីឡាករអង់គ្លេស Lewis Hamilton ដោយសមាជិកមកពីក្រុម Mercedes បានចូលដល់គោលដៅយឺតជាងអ្នកលេខ១ ចំនួន០វិនាទី ចុច១៧៩ ហើយកីឡាករអេស្ប៉ាញ Fernando Alonso មកពីក្រុម Aston Martin ដែលធ្លាប់ឈ្នះជើងឯកពិភពលោក២សម័យដែរនោះ បានចូលដល់គោលដៅលំដាប់ទី៣ យឺតជាងអ្នកលេខ១ ០វិនាទី ចុច៧៦៩។

នៅតារាងពិន្ទុសរុបគឺ Max Verstappen ឈរកំពូលតារាងមាន ៦៩ពិន្ទុ កីឡាករម៉ិកស៊ិក Sergio Pérez នៅលេខ២មាន ៥៤ពិន្ទុ ហើយ Fernando Alonso នៅលេខ៣ មាន៤៥ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី Australian Grand Prix គឺជាដំណាក់កាលទី ៣ ក្នុងចំណោម២៣ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣។ ដំណាក់កាលជាបន្ត គឺជាកម្មវិធី Azerbaijan Grand Prix ធ្វើឡើងនាទីក្រុង Baku ប្រទេសអាហ្សៃបៃហ្សង់ ថ្ងៃទី ៣០ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង