ការប្រកួតវាយកូនបាល់កម្រិត ATP Masters 1000 កម្មវិធី Miami Open 2023 បានបញ្ចប់ហើយ ក្រោយពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
ជាក់ស្តែង បន្ទាប់ពីបញ្ចប់ការប្រកួតនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ ដែលបានទៅលើកីឡាកររុស្ស៊ី Daniil Medvedev ដោយរូបគេបានយកឈ្នះកីឡាករអ៊ីតាលី Jannik Sinner នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល ៧-៥ និង ៦-៣ ចាយពេលអស់៩០នាទី។
នេះជាលើកដំបូងហើយដែល កីឡាករវ័យ២៧ឆ្នាំ បានក្លាយជាជើងឯកកម្មវិធី Miami Open ខណៈវាជាពានរង្វាន់ទី៤របស់គេនៅក្នុងការប្រកួតរដូវកាលឆ្នាំ២០២៣នេះ ក្រោយពីបានឈ្នះពានរង្វាន់ Rotterdam Open, Qatar Open និង Dubai Tennis Championships កាលពីខែកុម្ភៈមក។
សូមបញ្ជាក់ថា កម្មវិធី Miami Open 2023 គឺជាការដំណើរការ លើកទី៣៨ក្នុងប្រវត្តិសាស្ត្រ របស់ខ្លួន ដោយអ្នកឈ្នះជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១លាន ២សែនដុល្លារអាមេរិកឯណោះ៕