×

ព្រឹត្តិការណ៍​ប្រដាល់​សកល ULTIMATE BOXING CHAMPIONSHIP 2021 ចាប់ផ្តើម​ប្រកួត​សប្តាហ៍ទី១​ហើយ ដើម្បី​គោលដៅ​ស៊ីហ្គេម២លើក​ចំ​ពោះមុខ

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» បានចាប់ផ្តើមប្រកួតសប្តាហ៍ទី១ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលនេះជាការបោះជំហានប្រកបដោយក្តីសង្ឃឹម ដើម្បីគោលដៅ ស៊ីហ្គេម ២លើកចំពោះមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីព យើងសង្កេតឃើញថា បានដំណើរការដោយរលូនហើយ បើទោះបីជាមានបញ្ហារអាក់រអួលបន្តិចបន្តួចលើការរៀបចំផ្នែកបច្ចេកទេសក៏ដោយ ក៏យើងសង្កេតឃើញថា កីឡាករ កីឡាការិនី បានប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរបស់ខ្លួន។ «យើងជឿជាក់ថា ការប្រកួតលើកក្រោយ យើងនឹងព្យាយាមកែលម្អនូវចំណុចខ្វះខាតមួយចំនួន ដែលយើងទទួលស្គាល់នៅពេលនេះហើយយើងនឹងបន្តរៀបចំកាន់តែល្អ ដើម្បីទាក់ទាញមហាជនឲ្យចូលរួមគាំទ្របានកាន់តែច្រើន ក្នុងគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសគឺត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង»។

លោកអគ្គលេខាធិការបន្ថែមថា ដោយសារការប្រកួតសប្តាហ៍ដំបូងនេះ មានការប្រកួតមួយចំនួនមានកម្រិតបច្ចេកទេសខុសឆ្ងាយបន្តិច ហើយនៅពេលខាងមុខ សហព័ន្ធនឹងព្យាយាមរៀបចំផ្គូរផ្គងចាប់គូឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ដើម្បីឲ្យការប្រកួតកាន់តែល្អមើល ហើយកាត់បន្ថយកុំឲ្យមានសន្លប់ច្រើនពេក នោះគឺដោយសារកម្រិតបច្ចេកទេស មានភាពខុសគ្នាឆ្ងាយពេក។

«ចំពោះការប្រកួតនេះ គឺជាឱកាសសំខាន់បំផុត សម្រាប់កីឡាករ កីឡាការិនីតាមបណ្តាក្លឹប ក៏ដូចជាកីឡាករជម្រើសជាតិ ក្នុងការវាស់ស្ទង់កម្រិតគុណភាពបច្ចេកទេសរបស់ពួកគាត់ជាជំហានៗ ឈានឆ្ពោះទៅស្វែងរកកីឡាករ កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម ២លើកចំពោះមុខនេះ។ ប្រសិនបើការហ្វឹកហាត់ មិនបានចូលរួមប្រកួតប្រជែងទេ នោះពួកគាត់ក៏មិនអាចដឹងពីសមត្ថភាពរបស់ពួកគាត់បានដែរ។ ដូច្នេះហើយ លោកចាត់ទុកថា តាមរយៈព្រឹត្តិការណ៍នេះ សហព័ន្ធនឹងអាចបន្តដំណើរការអភិវឌ្ឍន៍សិទ្ធផលរបស់ពួកគាត់កាន់តែល្អប្រសើរបន្ថែមទៀត»។ នេះជាការលើកឡើងបន្ថែមរបស់លោក ប៊ុយ សុភ័ណ្ឌ។

ដើម្បីចូលរួមអនុវត្តវិធានការសុខាភិបាល ក្នុងព្រឹត្តិការណ៍ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021នេះ សហព័ន្ធតម្រូវឲ្យធ្វើតេស្តទៅលើកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ក៏ដូចជាអ្នកឲ្យទឹកទាំងអស់ ត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩។ ប្រសិនបើអ្នកណាគេចវេស ឬមិនចូលរួមធ្វើតេស្តទេ សហព័ន្ធមិនអនុញ្ញាតឲ្យចូលរួមឡើយ។

ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានអំពាវនាវដល់មហាជន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាប្រដាល់សកលទាំងអស់ ចូលរួមទស្សនា ក៏ដូចជាចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីឲ្យដំណើរការនៃការរៀបចំនេះ អាចបន្តរៀបចំអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកល ឲ្យកាន់តែរីកចម្រើបន្ថែមទៀត។
នៅក្នុងឱកាសប្រកួតសប្តាហ៍ទី១នេះ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School ក្នុងនាមជាអ្នកឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ និងលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអញ្ជើញចូលរួមផ្តល់កិត្តិយសលើកទឹកចិត្ត និងប្រគល់-ទទួលលិខិតថ្លែងអំណរគុណផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 សប្តាហ៍ទី១នេះមាន៦ប្រកួត ក្នុងនោះមានគូពិសេស៣គូ និងគូឯក ២គូ ដោយកីឡាករទទួលបានការឧបត្ថម្ភលើកទឹកចិត្តនូវប្រាក់រង្វាន់ផងដែរ៕

ប្រភពរូបភាព ៖ Yuen Punlue
ប្រភពអត្ថបទ ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង