×

ព្រះអង្គម្ចាស់កម្ពុជា១អង្គ ដាក់សំណើទិញក្លិបនៅលីគកំពូលបារាំង ក្នុងតម្លៃ១០០លានអឺរ៉ូ

បារាំង៖ សារព័ត៌មានបារាំងឈ្មោះ Le Parisien បានរាយការណ៍ថា ព្រះអង្គម្ចាស់កម្ពុជា នរោត្តម រ៉ាវីចក្រ បានផ្តល់ប្រាក់ ១០០ លានអឺរ៉ូ (ប្រហែល ១១៧លានដុល្លារអាមេរិក) ដើម្បីទិញក្លិបបាល់ទាត់លីគកំពូលបារាំង (Ligue 1) ពោលគឺក្រុម Saint-Etienne ដែលបងប្រុសរបស់កីឡាករ Paul Pogba របស់ក្លិប Manchester United ពោលគឺកីឡាករ Florentin Pogba ធ្លាប់ប្រកពអាជីពចន្លោះពីឆ្នាំ២០១២-២០១៨។

ក្រុមប្រឹក្សាភិបាលក្លិប Saint-Etienne ត្រូវរាយការណ៍ថា ពួកគេមិនទាន់ឆ្លើយតបទៅនឹងសំណើនេះនោះទេ ដែលត្រូវបានដាក់ទៅ KPMG ដែលជាក្រុមហ៊ុនទទួលបន្ទុកស្វែងរកវិនិយោគិនថ្មី។

យោងតាមសារព័ត៌មាន France Bleu នៅថ្ងៃសុក្រសប្ដាហ៍មុន បន្តថា ការពិភាក្សា អាចនឹងត្រូវចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយនឹងការផ្តល់ជូននេះ គឺជាការភ្ញាក់ផ្អើលមួយ ស្របពេលដែលក្លិបនេះ កំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមួយ នៃវិបត្តិកូវីដ១៩។

ព្រះអង្គ នរោត្តម រ៉ាវីចក្រ ត្រូវបានគេនិយាយថា គឺជាអ្នកគាំទ្រកីឡាបាល់ទាត់ ហើយត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឆ្ពោះទៅមុខ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងបារាំង និងកម្ពុជា តាមរយៈការកាន់កាប់ក្លិបបាល់ទាត់បារាំងមួយនេះ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ ជា បុត្រារបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងអ្នក ម្នាង ហ៊ុន សឿន។ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី ចក្រ ជាព្រះរាជនត្តា (ចៅ) របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង