×

លោក Thiago ស្នើឱ្យជនរួមជាតិជួយរកឈ្មោះដាក់ឱ្យគាត់ ក្រោយចូលសញ្ជាតិខ្មែររួចរាល់

លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (Thiago Teixeira Machado) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល រួមទាំងភរិយារបស់គាត់ ពោលគឺអ្នកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វែន (Roma Maria Rozanska-steffen) ជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក ត្រូវបានព្រះមហាក្សត្រប្រោសប្រទានត្រាស់បង្គាប់ផ្ដល់សញ្ជាតិ ខ្មែរ ទាំងពីររូប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ឥឡូវនេះ បើយោងតាមទំព័រហ្វេសប៊ុករបស់ឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា៖

Thiago ទទួលបានសញ្ជាតិខ្មែររួចរាល់ហើយ នៅឡើយតែមិនទាន់មានឈ្មោះខ្មែរ។ ដូច្នេះខ្ញុំសូមសំណូមពរឱ្យបងប្អូនជួយណែនាំឈ្មោះខ្មែរឱ្យកីឡាករ Thiago របស់យើងម្នាក់មួយផង។ ហើយខ្ញុំនឹងពិនិត្យឈ្មោះដែលបងប្អូនណែនាំមកនោះជាមួយកីឡាករ Thiago ផ្ទាល់។ នៅពេលដែលគាត់ពេញចិត្តឈ្មោះមួយណាខ្ញុំ នឹងជម្រាបប្រាប់បងប្អូនទាំងអស់គ្នាវិញតាមរយៈការបង្ហោះសារនៅលើផេកផ្លូវការរបស់ខ្ញុំផ្ទាល់នេះតែម្តង។”

សូមជម្រាបថា Thiago បានសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិសម្រាប់ការប្រកួតតំណាងឱ្យគុនខ្មែរ ក្នុងកម្មវិធីប្រកួតពិភពលោកមួយ កាលពីពេលថ្មីៗនេះ ដោយបានយកឈ្នះទៅលើកីឡាករសញ្ជាតិអង់គ្លេសដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២ នៅឯទឹកដីប្រទេសអាល្លឺម៉ង់។ ជោគជ័យនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរអបអរសាទរជាខ្លាំង និងកោតសរសើរគាត់ដែលបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តដើម្បីកីឡាគុនខ្មែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង