ប្រទេសអាហ្សង់ទីន ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានដកហូតសិទ្ធិរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការរៀបចំការប្រកួតនេះកាលពីពេលកន្លងទៅ។
សមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានដាក់ដេញថ្លៃ បន្ទាប់ពីការប្រកួតនៅប្រទេសឥណ្ឌូណេស៊ីដែលគ្រោងធ្វើឡើង ត្រូវបានលុបចោល។ ការសម្រេចដកសិទ្ធិនេះ បានកើតឡើងក្រោយអភិបាលកោះបាលីលោក Wayan Koster បានបដិសេធការចូលរួមរបស់ក្រុមអ៊ីស្រាអែល។
ការចាប់ឆ្នោតចែកពូល នឹងប្រព្រឹត្តទៅនៅទីក្រុង Zurich ហើយការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖ “FIFA មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ការប្រកួត U-20 World Cup នៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីន”៕