ក្លិប Juventus បានប្តឹងឧទ្ធរណ៍នៅតុលាការកីឡាខ្ពស់បំផុតរបស់ប្រទេសអ៊ីតាលីនៅក្នុងគណៈកម្មាធិការអូឡាំពិកអ៊ីតាលី CONI ដើម្បីលុបចោលការដាក់ពិន័យកាត់១៥ពិន្ទុក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ។
កាលពីខែមករា Juventus និងអតីតមន្ត្រីរបស់ក្លិបចំនួន ១១ នាក់ត្រូវបានចោទប្រកាន់ថា បានបន្លំ និងបង្កើតប្រាក់ចំណេញសិប្បនិម្មិតពីការផ្ទេររបស់ក្លិប ដែលធ្វើអោយក្លិបត្រូវរងទណ្ឌកម្ម កាត់ចេញ ១៥ ពិន្ទុសម្រាប់រដូវកាលនេះ។ វាក៏បានធ្វើអោយ FIFA ហាមឃាត់លើមន្ត្រីក្លិប Juventus ពីមុននិងបច្ចុប្បន្នដើម្បីអនុវត្តនៅទូទាំងពិភពលោក។
នៅសល់ប្រាំបីប្រកួតទៀតក្នុងរដូវកាលនេះ ដោយ Juventus កំពុងឈរនៅលេខរៀងទី៧ មាន ៤៤។ ការកាត់ពិន្ទុបានរុញច្រានពួកគេនៅខាងក្រៅកន្លែងសម្រាប់ការប្រកួតប្រជែងពានរង្វាន់កំពូលអឺរ៉ុប។ សេចក្តីសម្រេចនេះ គឺមានភាពតឹងតែងជាងការកាត់៩ពិន្ទុដែលរដ្ឋអាជ្ញាបាល់ទាត់អ៊ីតាលីបានស្នើសុំដំបូងសម្រាប់ដាក់ពិន័យ Juventus ទៅទៀត។
តុលាការបាល់ទាត់អ៊ីតាលីក៏បានសម្រេចថា អតីតប្រធានក្លិប Juventus លោក Andrea Agnelli ត្រូវបានហាមឃាត់មិនឱ្យទាក់ទងជាមួយនឹងបាល់ទាត់អ៊ីតាលីរយៈពេល ២៤ ខែ។ វាក៏បានសម្រេចចិត្តលើការហាមឃាត់រយៈពេល ៣០ ខែសម្រាប់អតីតនាយកកីឡារបស់ Juventus លោក Fabio Paratici ដែលបច្ចុប្បន្នជានាយកគ្រប់គ្រងបាល់ទាត់ក្លិប Tottenham Hotspur នៅក្របខណ្ឌ Premier League ផងដែរ៕