×

យុវជន ជា កុកម៉េង ចេញទៅប្រកួតពានរង្វាន់យុវជននៅជប៉ុន នាខែឧសភា ក្រោយជាប់ឈ្មោះនៅសាលាបឹងកេត

ដោយមានសមត្ថភាព ក្នុងការប្រកួតធ្វើតេស្ត ដែលរៀបចំដោយសាលាបាល់ទាត់បឹងកេត យុវជន ជា កុកម៉េង បានក្លាយជាបេក្ខភាព១រូប ក្នុងចំណោមបេក្ខភាពផ្សេងទៀត ត្រៀមចេញទៅចូលរួមប្រកួតពានរង្វាន់យុវជន (COPA BELLMARE U11 PILOT INTERNATIONAL TOURNAMENT នៅប្រទេសជប៉ុន ក្នុងខែឧសភាខាងមុខនេះ។ នេះបើយោងតាមផេកផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេត។

មុននឹងក្លាយជាកីឡាយុវជនថ្នាលរបស់ក្លិបបាល់ទាត់បឹងកេត យុវជន ជា កុកម៉េង បានឱ្យដឹងថា រូបគេធ្លាប់ហ្វឹកហាត់នៅក្លិបសូទីឡូអង្គររបស់លោក ហុង ដា រយៈពេល២ឆ្នាំ ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ តែដោយសារវិបត្តិកូវីដ-១៩ ត្រូវបានបិទខ្ទប់ការពារការរីករាលដាលជំងឺសាកលមួយនេះ ធ្វើខកខានហ្វឹកហាត់រយៈពេល២ឆ្នាំ។ ទើបតែក្នុងខែកុម្ភៈ ឆ្នាំ២០២០ កុកម៉េង ក៏បានសម្រេចចូលហ្វឹកហាត់ជាមួយសាលាបាល់ទាត់បឹងកេត មកដល់បច្ចុប្បន្ន ក្តោបបានឱកាសក្លាយយុវជនជម្រើសរបស់ក្លិបល្បីឈ្មោះមួយនេះ ឈានទៅបង្ហាញខ្លួនលើឆាកអន្តរជាតិ។

មានវ័យ១១ឆ្នាំ កុកម៉េង បានបញ្ជាក់ថា និមិត្តរូបគឺកីឡាករសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ហើយសម្រាប់ក្តីស្រម៉ៃរបស់ខ្លួនគឺចង់លេងឱ្យក្លិបបឹងកេត និងក្លាយជាកីឡាករជម្រើសជាតិ។ រីឯក្លិបនៅក្រៅប្រទេសគឺ Buriram United របស់ប្រទេសថៃ ចំណែកក្លិបនៅអឺរ៉ុប គឺ Manchester United ។

គួរបញ្ជាក់ថា យុវជន ជា កុកម៉េង មានបងប្អូន២នាក់ ប្អូនប្រុសឈ្មោះ ជា កុកឡេង ក៏ជាយុវជនអាយុក្រោម១១ឆ្នាំ របស់សាលាបាល់ទាត់បឹងកេតផងដែរ។ មុននឹងទទួលបានលទ្ធផលល្អដូចពេលនេះ កុកម៉េង ធ្លាប់ជាកីឡាករក្លិបសូទីឡូអង្គរ រយៈពេល២ឆ្នាំ មុនចូលរួមជាមួយសាលាបាល់ទាត់បឹងកេត និងជាសមាជិកជ័យលាភីលេខ៣របស់បឹងកេត នៅពានរង្វាន់យុវជនអាយុក្រោម១៣ឆ្នាំ អបអរថ្ងៃជ័យជម្នះ៧មករា។ បន្ថែមពីនេះនៅក្នុងឆ្នាំ២០២៣ កុកម៉េង មានឈ្មោះក្នុងក្រុមសាលាបាល់ទាត់បឹងកេត ទៅចូលរួមប្រកួតពានរង្វាន់យុវជន នៅប្រទេសជប៉ុន នាខែឧសភាខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង