ការប្រកួតកីឡាប៊ីយ៉ាការ៉ុម ដណ្តើមពានរង្វាន់កីឡាការិនី ស្រួង ភាវី (2023 Sroung Pheavy Billiard Competition) ដែលបានដំណើរការពេញមួយថ្ងៃទី២០មេសា រកឃើញម្ចាស់ជ័យលាភីហើយ ដោយម្ចាស់មេដាយមានទាំងកីឡាករ កម្ពុជា និងបរទេស។
ស្រួង ភាវី ដែលជាកីឡាការិនីតំណាងជាតិកម្ពុជា នៅក្នុងការចូលរួមប្រកួតនៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ បានរៀបចំការប្រកួតនេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ជាមួយកីឡាករកម្ពុជា ជាពិសេសវាស់ស្ទង់កម្រិតបច្ចេកទេស ថាអាចឈានទៅដល់កម្រិតណា គ្រប់គ្រាន់ ឬក៏ត្រូវបំពេញបន្ថែមចំណុចណា មុននិងឈានទៅប្រកួតផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
ការប្រកួតយ៉ាងស្វិតស្វាញ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ដែលមកពីប្រទេសកូរ៉េ វៀតណាម ជប៉ុន និងកម្ពុជានេះ គឺទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ សម្រាប់ជ័យលាភីលេខ១ បានទៅកីឡាករ វ៉ុក ជុង ជនជាតិវៀតណាម ដែលជាកីឡាករលេងឱ្យក្លិប លុច៩៨ ខណៈចំណាត់ថ្នាក់លេខ២ គឺបានទៅលើកីឡាករកម្ពុជា ដារ៉ា ស្របពេលដែលចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ វ៉ាង យៀវ ។
ក្រៅពីចំណាត់ថ្នាក់ខាងលើ ក៏មានពានរង្វាន់កីឡាករ ដែលលេងល្អទទួលបានពិន្ទុខ្ពស់ជាងគេ បានទៅកីឡាករ បោ ហ្វឿងវិន ជាកីឡាករដ៏ល្បីប្រចាំប្រទេសវៀតណាម និង កីឡាករ វ៉ូ។
ឆ្លងកាត់ការប្រកួតនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានរបស់សហព័ន្ធកីឡាប៊ីយ៉ា និង ស្នូកឃ័រ ដែលរកឃើញអ្នកមានសមត្ថភាពពិតប្រាកដ ដើម្បីត្រៀមខ្លួនហ្វឹកហាត់បន្ថែម មុនឈានទៅចូលរួមប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលចាប់ផ្តើមនាខែឧសភាខាងមុខនេះ។
បញ្ជាក់ដែរថា ការប្រកួតកីឡាប៊ីយ៉ា ការ៉ុម ដណ្តើមពានរង្វាន់កីឡាការិនី ស្រួង ភាវី (2023 Sroung Pheavy Billiard Competition) គឺមានកិច្ចសហការ រវាងសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រ ជាមួយក្លិប លុច៩៨ និង សមាគមន៍របស់ស្រួង ភាវី ដោយមានកីឡករ – កីឡាការិនី ចម្រុះជាតិសាសន៍ ចំនួន៣៨នាក់ចូលរួមប្រកួតប្រជែង៕