សហរដ្ឋអាមេរិក និងម៉ិកស៊ិកត្រៀមដាក់សំណើដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារី FIFA Women World Cup ឆ្នាំ២០២៧។
សហព័ន្ធបាល់ទាត់អាមេរិក USSF និងសហព័ន្ធបាល់ទាត់ម៉ិកស៊ិក FMF មានរយៈពេលរហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីដាក់កិច្ចព្រមព្រៀងដេញថ្លៃរបស់ពួកគេ។
អាមេរិកពីមុនមកធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត Women World Cup ក្នុងឆ្នាំ ១៩៩៩ នៅពេលដែលពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីនេះជាលើកទីពីរ ក្នុងចំណោមពានរង្វាន់ ៤ ដែលពួកគេបានឈ្នះ ហើយអាមេរិកធ្វើម្ចាស់ផ្ទះម្តងទៀតក្នុងឆ្នាំ ២០០៣។ ម៉ិកស៊ិកមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតពីមុនមកឡើយ។
ប្រធាន USSF លោកស្រី Cindy Parlow Cone អោយដឹងថា “សហរដ្ឋអាមេរិកតែងតែនាំមុខគេលើពិភពលោកសម្រាប់ការប្រកួតកីឡាស្ត្រី ហើយយើងនឹងអាចទទួលបានឱកាសដើម្បីអាចធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នៃការប្រកួតកម្មវិធីលំដាប់ពិភពលោកសម្រាប់បាល់ទាត់ស្ត្រីជាមួយនឹងម៉ិកស៊ិក។”
ក្រៅពីការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ស្ត្រីឆ្នាំ២០២៧ ទាំងអាមេរិក និងម៉ិកស៊ិក ក៏បានសិទ្ធិរួមគ្នាជាមួយប្រទេសកាណាដា ជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 ផ្នែកបុរសផងដែរ។
ដោយឡែក សម្រាប់ការរៀបចំការប្រកួត Women World Cup ឆ្នាំ២០២៣ នាពេលដ៏ឆាប់ខាងមុខនេះ ប្រទេស អូស្ត្រាលី និងនូវែលសេឡង់ជាសហម្ចាស់ផ្ទះ៕