×

បាញ់កាំភ្លើងជាកីឡា១ប្រភេទ ខុសពីកីឡាផ្សេងៗដែលទាមទារឱ្យអ្នកហ្វឹកហាត់មានវិន័យ និងសីលធម៌ខ្ពស់

បាញ់កាំភ្លើងជាកីឡា១ប្រភេទ ខុសពីកីឡាផ្សេងៗ ដែលទាមទារឱ្យអ្នកហ្វឹកហាត់ មានវិន័យ និងសីលធម៌ខ្ពស់ ដោយសារយើងត្រូវប្រើប្រាស់អាវុធ។ អាវុធនេះអាចប្រើប្រាស់បានច្រើនមុខព្រួញ បើប្រើត្រូវមានផលប្រយោជន៍ តែបើប្រើខុស វានឹងបង្កនូវផលលំបាក។ ដូចនេះហើយបានជាយើងត្រូវការ ការប្រើប្រាស់ ប្រកបដោយការប្រុងប្រយ័ត្ន ត្រូវយល់ដឹងពីសុវត្ថិភាពឱ្យបានខ្ពស់ ព្រោះកាំភ្លើងបើប្រើឱ្យត្រូវគឺមានប្រយោជន៍ តែបើប្រើខុសគឺអន្ដរាយដល់ខ្លួនឯង និង បង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផង។ នេះជាការលើកឡើង របស់ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ឱ្យដឹងក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលទើបបញ្ចប់កាលពីថ្ងៃទី២៣ខែមេសាម្សិលមិញនេះ។

ឯកឧត្តម មៀចសុផាន់ណា បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅដែលនិយម ចូលចិត្តកីឡាបាញ់កាំភ្លើងសូមចូលរួមចុះឈ្មោះជាសមាជិករបស់ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ឱ្យបានច្រើនដើម្បីមានឱកាសបានចូលរួម ក្នុងក្របខណ្ឌនៃការហ្វឹកហាត់ត្រៀមប្រកួត ជៀសវាងការប្រើប្រាស់ កាំភ្លើងនៅទីសាធារណៈខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។ ជាមួយនេះសហព័ន្ធ ក៏ត្រូវពិនិត្យ ពិច្ច័យពីប្រវត្តិ និងបុគ្គលិកលក្ខណៈរបស់សមាជិកដែលចង់ចូលរួមឱ្យបានច្បាស់លាស់ផងដែរ បើពុំនោះទេនឹងធ្វើឱ្យប្រភេទកីឡានេះ អាប់ឱនឬក៏មានកេរ្តិ៍ឈ្មោះមិនល្អ។

បន្ថែមពីនោះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់ក្រសួងអប់រំយុវជននិងកីឡា វិស័យឯកជន ដៃគូសហការមួយចំនួន ព្រមទាំងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ គាំទ្រសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នាពេលកន្លងមក ដោយបានចាត់ទុកថា ការចូលរួមទាំងនោះគឺជាររួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាបាញ់កាំភ្លើងនៅកម្ពុជា។

សម្រាប់លទ្ធផលក្នុងការប្រកួត លើវិញ្ញាបាញ់កាំភ្លើងវែងខ្យល់ ចម្ងាយ១០ម៉ែត្រ បានទៅកីឡាការិនី វង្ស សុខាវីន មកពី ក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាស។ ចំណែក កីឡាករ ហួត ភ័ស ក្លិបកងរាជអាវុធហត្ថ ទទួលបានមេដាយប្រាក់ និងមេដាយ សំរឹទ្ធ បានទៅ សែម លីនី មកពីក្លិបក្រសួងមហាផ្ទៃ។

លទ្ធផលលើវិញ្ញាបាញ់ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ មេដាយមាសបានទៅបានទៅកីឡាករ ខៀវឌីណា ចំណែកមេដាយប្រាក់ បានទៅលើ កែម សោភ័ណ និង មេដាយសំរឹទ្ធ បានទៅកីឡាករ ឈាង សុវណ្ណា វុធ ដែលអ្នកទាំង៣មកពីក្លិបក្រសួងការពារជាតិដូចគ្នា។

ចំណែកវិញ្ញាសាកាំភ្លើងខ្លី ៩មិល្លីម៉ែត្រវិញ មេដាយមាសបានលើ ណាម៉ូនី រតនៈ មកពីក្លិបក្រសួងការពារជាតិ មេដាយប្រាក់ កីឡាករ ឈាង ហួត មកពីក្រសួងការពារជាតិ និង មេដាយសំរឹទ្ធ កីឡាករ សាន កក្កដា មកពីក្លិបក្រសួងការពារជាតិ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង