×

Juventus ទទួលបាន ១៥ពិន្ទុវិញនៅក្របខណ្ឌអ៊ីតាលី Serie A

Juventus ត្រូវបានទទួល ១៥ពិន្ទុវិញនៅក្របខណ្ឌអ៊ីតាលី Serie A បន្ទាប់ពីពួកគេបានតវ៉ានៅអង្គជំនុំជម្រះអូឡាំពិកអ៊ីតាលី ដែលជាតុលាការកាត់ក្ដីផ្នែកកីឡាជាន់ខ្ពស់នៅប្រទេសនេះ។

ក្លិបរហស្សនាមសេះបង្កង់ ត្រូវបានស្ថាប័នបាល់ទាត់អ៊ីតាលីសម្រេចដក ១៥ពិន្ទុ ដោយសារតែខាងអាជ្ញាធរបាល់ទាត់អ៊ីតាលីរកឃើញថា ក្លិបបានក្លែងបន្លំ និងបំប៉ោងចំណូលរបស់ខ្លួនបានពីការដោះដូរកីឡាករចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

កិច្ចការពាក់ព័ន្ធនឹងរឿងចំណូល និងចំណាយគឺជាផ្នែកមួយដ៏សំខាន់ពាក់ព័ន្ធនឹងភាពយុត្តិធម៌ និងសមធម៌ផ្នែកហិរញ្ញវត្ថុនៅក្នុងអភិបាលកិច្ចបាល់ទាត់អឺរ៉ុប។

យ៉ាងណា ក្រោយការពិនិត្យឡើងវិញ ពីស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរកីឡាអ៊ីតាលី បានសម្រេចផ្តល់១៥ពិន្ទុ ដែលបានដាក់ទណ្ឌកម្មកាលពីលើកមុនត្រឡប់ទៅអោយក្លិប Juventus។

ក្រោយពីទទួលបាន ១៥ពិន្ទុវិញ Juventus ឈរនៅចំណាត់ថ្នាក់លេខ ៣នៅលីគអ៊ីតាលី ជាមួយនឹង ៥៩ពិន្ទុ ខណៈចំណាត់ថ្នាក់លេខ ១គឺកាន់កាប់ដោយ Napoli មាន ៧៥ពិន្ទុ។

ការប្រកួតបាល់ទាត់លីគអ៊ីតាលីនៅសល់ ៨ប្រកួតទៀតទើបចប់រដូវកាល។
ដោយឡែក ថ្នាក់ដឹកនាំក្លឹប Juventus នៅតែជាប់បម្រាមដដែល ហើយក្លឹបនេះទៀតសោតបន្តស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរបាល់ទាត់អ៊ីតាលី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង