យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ៤ក្រុមទៀត រួមមានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ នៃការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ដែលកម្ពុជាកំពុងដេញថ្លៃធ្វើម្ចាស់ផ្ទះ នាចុងឆ្នាំ២០២១ នេះ។
ពិធីចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ប្រចាំតំបន់នេះ បានធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្ដមានឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ។ ចំណែកលទ្ធផលពូល A គឺមាន ៥ក្រុមដូចគ្នា រួមមានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងប្រ៊ុយណេ ឬទីម័រខាងកើត ដែលត្រូវលេងវគ្គជម្រុះ ដើម្បីដណ្ដើមកៅអីវគ្គចែកពូលនេះ។
ពានរង្វាន់ AFF Suzuki Cup 2020 នឹងធ្វើការប្រកួត ចាប់ពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខណៈពេលនេះ មានប្រទេសជាច្រើន បានដាក់ពាក្យស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ២ឆ្នាំម្ដង ដែលពន្យារពេលមកពីឆ្នាំ២០២០ ក្នុងនោះក៏មានកម្ពុជាដែរ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពាក្យដេញថ្លៃមករៀបចំការប្រកួតផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
តាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បេក្ខភាពដែលបានចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ាននេះ ក្រៅពីកម្ពុជា គឺមានសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម ដែលទើបដាក់ពាក្យក្រោយគេ កាលពីថ្មីៗ ហើយតាមការគ្រោងទុក សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំសម្រេចផ្ដល់សិទ្ធឲ្យប្រទេសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ នាសប្ដាហ៍ក្រោយ៕
ប្រភពអត្ថបទ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)