បន្ទាប់ពីការចាប់អារម្មណ៍របស់ម្ចាស់ក្លិប Chelsea លោក Todd Boehly លើខ្សែប្រយុទ្ធ Neymar កាលពីរដូវក្ដៅមុន ពេលនេះ Paris Saint-Germain សុខចិត្តអនុញ្ញាតឱ្យកីឡាករប្រេស៊ីលចាកចេញនៅរដូវក្តៅខាងមុខ បន្ទាប់ពីមានរដូវកាលដ៏ខកចិត្ត។
ថ្មីៗនេះមានការរាយការណ៍ថា Paris Saint-Germain ក៏កំពុងសម្លឹងរកការចងជើង ខ្សែយុទ្ធ Kylian Mbappe ទៅនឹងលក្ខខណ្ឌថ្មីសម្រាប់កិច្ចព្រមព្រៀងរយៈពេលវែង។ ស្របពេលមានព័ត៌មានថា Mbappe មិនសប្បាយចិត្តបន្តនៅ Paris Saint-Germain ទៀតទេ ដោយចង់ចាកចេញនៅចុងរដូវកាលនេះ ខណៈក្លិបដែលឈានមុខគេក្នុងនាំយក Mbappe គឺក្លិប Real Madrid។
ដូច្នេះ Paris Saint-Germain នឹងមិនប្រហែសដូចកាលពីរដូវកាលមុននោះទេ ដែលពួកគេប្រឈមបាត់បង់ Mbappe ទៅកាន់ Real Madrid ដោយគ្មានតម្លៃខ្លួន។ ពួកគេកំពុងស្វះស្វែងបន្តកិច្ចព្រមព្រៀងរយៈពេលវែងដល់ Mbappe ជៀសវាងការចាកចេញដោយគ្មានតម្លៃផ្ទេរ។
ចំណែកឯអនាគតរបស់ Neymar អាចជាបញ្ហាសំខាន់ជាងគេនៅរដូវក្តៅនេះ។ កីឡាករវ័យ ៣១ ឆ្នាំ បានជួបរដូវកាលមិនល្អ ដោយរងរបួសធ្ងន់ធ្ងររហូតដល់ចប់រដូវកាលនេះតែម្ដង។ Neymar ស្ថិតក្នុងចំណោមកីឡាកររកចំណូលបានច្រើនជាងគេរបស់ក្លិប និងនៅតែជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីផ្ទេរពីក្លិប Barcelona តម្លៃ ២២២លានអឺរ៉ូកាលពីឆ្នាំ ២០១៧ ដែលជាតម្លៃបំបែកកំណត់ត្រា។
PSG ទំនងជាមិនបន្តកិច្ចព្រមព្រៀងថ្មីដល់ Neymar ទៀតនោះទេ។ ទន្ទឹមនឹងនេះម្ចាស់ក្លិប Chelsea លោក Todd Boehly បានរៀបចំកិច្ចប្រជុំមួយកាលពីដើមឆ្នាំនេះ ដើម្បីស្វែងរកឱកាសចុះហត្ថលេខាលើ Neymar ហើយការចាប់អារម្មណ៍នោះអាចនឹងចាប់ផ្តើមជាថ្មីម្ដងទៀតនៅរដូវក្តៅនេះ៕