ក្លិប Chelsea កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់មួយដើម្បីធ្វើឱ្យអតីតគ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino ក្លាយជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
ការចារចារវាងភាគីទាំងពីរត្រូវបានគេដឹងថាមានភាពវិជ្ជមាន និងត្រូវរ៉ូវគ្នាបានច្រើន ខណៈការចរចាបន្ថែមទៀតនឹងត្រូវប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ មុនពេលកិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់។ បើភាគីទាំងពីរព្រមព្រៀងគ្នាលោក Pochettino នឹងចាប់ផ្ដើមដឹកនាំ Chelsea ជាផ្លូវការចាប់ពីខែមិថុនានេះតទៅ។ លោកជាបេក្ខជនតែមួយគត់ដែល Chelsea បានធ្វើការចរចាចង់យកមកដឹកនាំក្លិបនៅខណៈនេះ។ ការងារចុងក្រោយរបស់លោក Pochettino គឺដឹកនាំក្លិប Paris St-Germain ដែលត្រូវបានតែងតាំងកាលពីដើមខែមករា ឆ្នាំ២០២១ កន្លងទៅ មុនពេលប្រកាសចែកផ្លូវជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលបារាំង១០សម័យកាលមួយនេះ កាលពីដើមខែកក្កដា ឆ្នាំ២០២២។
សម្រាប់ Chelsea វិញគឺក្នុងរដូវកាលនេះពួកគេបានបញ្ចប់ការងារគ្រូបង្វឹក២រូបរួចមកហើយ រួមមានលោក Thomas Tuchel កាលពីខែកញ្ញាឆ្នាំមុន និងលោក Graham Potter កាលពីដើមខែមេសាកន្លងទៅ។
Chelsea កំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក Frank Lampard ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ ពួកគេចង់បានលោក Pochettino ក្លាយជាអ្នកចាត់ការអចិន្ត្រៃយ៍ លឿនតាមដែលអាចធ្វើទៅបាន ដើម្បីដំណោះស្រាយបញ្ហាដែលកំពុងតែជួបប្រទះ។
នៅតារាងលីគកំពូលអង់គ្លេស Premier League នៅពេលនេះ Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១១ ដោយមាន៣៩ពិន្ទុ ក្រោយឆ្លងកាត់៣១ប្រកួត ឈ្នះ១០ ស្មើ៩ និង១២ប្រកួត ដែលលទ្ធផលនេះ កំពុងធ្វើអោយអ្នកគាំទ្រ និងថ្នាក់ដឹកនាំក្លិបបង្ហាញការមិនសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់នាំយកកីឡាករកំពូលៗជាច្រើននាក់ ប៉ុន្តែនៅតែមិនទទួលបានផលត្រឡប់មកវិញ៕