កីឡាករអ៊ីតាលី Francesco Bagnaia បានទទួលជ័យជំនះនៅក្នុងការប្រណាំងម៉ូតូ GP កម្មវិធី Spanish Motorcycle Grand Prix ដែលបានធ្វើឡើងកាលពីម្សិលមិញ នាទីក្រុង Jerez de la Frontera ប្រទេសអេស្ប៉ាញ។
ជាក់ស្តែង ក្នុងការជិះចំនួន ២៤ ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 106,152 គីឡូម៉ែត្រ កីឡាករ Francesco Bagnaia ដែលកាន់ចង្កូតអោយក្រុម Ducati បានប្រើពេលអស់តែ ៣៩នាទី និង២៩វិនាទី ចុច០៨៥។ កីឡាករអាហ្វ្រិកខាងត្បូង Brad Binder កាន់ចង្កូតអោយក្រុម KTM បានមកដល់គោលដៅលំដាប់ទី២ យឺតជាង ០វិនាទី ចុច២២១ ហើយកីឡាករអូស្ត្រាលី Jack Miller មកពីក្រុម KTM ដូចគ្នា បានមកដល់គោលដៅលំដាប់ទី៣ យឺតជាង ១វិនាទី ចុច១១៩។
ជ័យជំនះនេះបានធ្វើអោយ Francesco Bagnaia បន្តឈរកំពូលតារាងពិន្ទុសរុបដដែល មាន ៨៧ពិន្ទុ ខណៈកីឡាករអ៊ីតាលី Marco Bezzecchi នៅលេខ២ មាន៦៥ ពិន្ទុ ហើយកីឡាករ Brad Binder នៅលេខ៣ មាន៦២ពិន្ទុ។
សម្រាប់លទ្ធផលនៃការប្រកួត Moto2 វិញ គឺកីឡាករអង់គ្លេស Sam Lowes មកពីក្រុម Kalex ជាអ្នកទទួលបានជ័យជំនះ ហើយលទ្ធផលនៃការប្រកួត Moto3 វិញគឺ កីឡាករអេស្ប៉ាញ Ivan Ortola មកពីក្រុម KTM ជាអ្នកទទួលបានជ័យជំនះ។
សូមបញ្ជាក់ថា កម្មវិធី Spanish Motorcycle Grand Prix គឺជាដំណាក់កាលទី៤នៃការប្រណាំងម៉ូតូពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោក រដូវកាល ២០២៣។ ការប្រកួតជាបន្តគឺជាកម្មវិធី French Motorcycle Grand Prix ធ្វើឡើងនាថ្ងៃទី១៤ ខែឧសភា នាទីក្រុង Le Mans ប្រទេសបារាំង៕