×

កីឡាករម៉ិកស៊ីក Sergio Pérez ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Azerbaijan Grand Prix

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣ បានបន្តឈានដល់ដំណាក់កាលទី ៤ហើយ ដែលជាកម្មវិធី Azerbaijan Grand Prix។

ការប្រកួតបានធ្វើឡើងនាទីលានដែលមានឈ្មោះថា Baku City Circuit ស្ថិតនាទីក្រុង Baku ប្រទេសអាហ្សៃប៉ៃហ្សង់ ដោយកីឡាករទាំងអស់ត្រូវជិះចំនួន ៥១ជុំទីលាន សរុបចម្ងាយផ្លូវ ប្រមាណ 306.049 គីឡូម៉ែត្រ។

ជាលទ្ធផលនោះគឺកីឡាករម៉ិកស៊ិក Sergio Pérez ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម Red Bull Racing អាចបញ្ចប់ទីព្រ័ត្រ ប្រើថេរវលាត្រឹមតែ ១ម៉ោង ៣២នាទី និង៤២វិនាទី ចុច៤៣៦ តែប៉ុណ្ណោះ។

ចំពោះកីឡាករទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតលើទីលាននេះ គឺជើងឯកពិភពលោកឆ្នាំមុន កីឡាករហូឡង់ Max Verstappen មកពីក្រុម Red Bull Racing ដូចគ្នា ដោយចូលដល់គោលដៅយឺតជាងអ្នកលេខ១ ចំនួន២វិនាទី ចុច១៣៧ ហើយកីឡាករម៉ូណាកូ Charles Leclercមកពីក្រុម Ferrari បានចូលដល់គោលដៅលំដាប់ទី៣ យឺតជាង ២១វិនាទី ចុច២១៧។

នៅតារាងពិន្ទុសរុបគិតត្រឹមដំណាក់កាលទី៤នេះ គឺកីឡាករ Max Verstappen ជាអ្នកឈរកំពូលតារាង មាន៩៣ពិន្ទុ កីឡាករ Sergio Pérez នៅលេខ២ មាន៨៧ពិន្ទុ និង កីឡាករអេស្ប៉ាញ Fernando Alonso នៅលេខ៣ មាន៦០ពិន្ទុ។

ការប្រកួតជាបន្តដំណាក់កាលទី៥ នៅក្នុង ការប្រណាំងរថយន្ត F1 ប្រចាំរដូវកាល ២០២៣ គឺជាកម្មវិធី Miami Grand Prix ធ្វើឡើងនាទីក្រុង Miami សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង