×

Paris Saint Germain នឹងមិនបន្តកុងត្រាថ្មីដល់ Lionel Messi នោះទេ

ក្លិបបាល់ទាត់ Paris Saint Germain ប្រហែលជានឹងមិនបន្តកុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Lionel Messi នោះទេបន្ទាប់ពីរូបគេបានធ្វើដំណើរទៅកានប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានកីឡានៅបារាំង L’Equipe កាលពីថ្ងៃអង្គារ។

កីឡាករអាហ្សង់ទីន បានចាកចេញពីក្លិបអេស្ប៉ាញ Barcelona មកចូលរួមក្លិបបារាំង Paris Saint Germain កាលពីឆ្នាំ ២០២១ ដោយបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ និងមានជម្រើសបន្លាយថែម១ឆ្នាំទៀត។ យ៉ាងណា នៅពេលនេះក្លិបបានសម្រេចជាផ្លូវការថានឹងមិនដំណើរការការបន្លាយកុងត្រាជាមួយ Messi ឡើយ។

ប្រភពពី L’Equipe ដដែលបានអោយដឹងថា Paris Saint Germain បានធ្វើការដាក់បម្រាម Messi ចំនួន២សប្តាហ៍ ដោយមូលហេតុនោះគឺរូបគេត្រូវចូលរួមហ្វឹកហាត់ជាមួយក្រុមបន្ទាប់ពីការបរាជ័យដោយលទ្ធផល ៣-១ ក្នុងការប្រកួតនៅក្របខណ្ឌ Ligue 1 នៅទឹកដីក្រុម Lorient កាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែរូបគេមិនទៅហ្វឹកហាត់ទេ បែរជាហោះហើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជំនួសវិញ។

ជាក់ស្តែង កីឡាករវ័យ ៣៥ ឆ្នាំ ត្រូវបានគេថតរូបនៅទីក្រុង Riyadh ហើយបានផ្សព្វផ្សាយអំពីវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះនៅលើគណនីយសង្គមថែមទៀត។ Messi ធ្លាប់ធ្វើជាអគ្គរដ្ឋទូតទេសចរណ៍ប្រចាំអារ៉ាប៊ីសាអូឌីត។

ប្រធានក្រុមអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ FIFA World Cup 2022 ត្រូវបានក្លិប Paris Saint Germain ហាមឃាត់ពីការហ្វឹកហាត់ និងការប្រកួត ជាមួយក្រុម ហើយប្រាក់ឈ្នួលរបស់គេក៏នឹងត្រូវកាត់ អំឡុងការពិន័យរបស់គេផងដែរ។

សម្រាប់ការពិន័យនេះដែរ គឺ Messi នឹងខកខានការប្រកួត Ligue 1 ទល់នឹងក្រុម Troyes និង Ajaccio ប៉ុន្តែអាចនឹងត្រលប់មកវិញសម្រាប់ការប្រកួតជាមួយ Auxerre នៅថ្ងៃទី ២១ ខែឧសភា។ បន្ទាប់មកគេនឹងមានវត្តមាន រហូតដល់រដូវកាលបញ្ចប់នៅថ្ងៃទី ៣ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង