ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីការផ្ទេរទៅកានក្លិប Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes។
ការផ្ទេរទៅកាន់ Al-Nassr បានធ្វើអោយ Ronaldo កើនឡើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ខ្លួនចំនួន ២ដងឯណោះ។ Ronaldo ដែលបានចូលរួមជាមួយក្លិបនៅក្របខណ្ឌ Saudi Pro League លើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៥ បន្ទាប់ពីចាកចេញពី Man UTD កាលពីឆ្នាំមុននោះ រកបាន ១៣៦ លានដុល្លារ ដោយ ប្រាក់ឈ្នួលរបស់គេបានកើនឡើងដល់ ៧៥ លានដុល្លារ។ កិច្ចសន្យារបស់ Ronaldo ត្រូវបានប្រព័ន្ធផ្សព្វផ្សាយប៉ាន់ស្មានថាមានតម្លៃជាង ២០០ លានអឺរ៉ូ ឬ ២១៩,៩៨ លានដុល្លារ។
គូប្រជែងរបស់ Ronaldo គឺ ខ្សែប្រយុទ្ធ Lionel Messi លេងអោយក្លិប Paris Saint Germain ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ជាអត្តពលិករកចំណូលបានច្រើនជាងគេលើពិភពលោក ១៣០លានដុល្លារ ហើយ ខ្សែប្រយុទ្ធ Kylian Mbappe មិត្តរួមក្លិបរបស់ Messi ដែរនោះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ រកចំណូលបាន ១២០លានដុល្លារ។
កីឡាករបាល់បោះអាមេរិក LeBron James របស់ក្រុម Los Angeles Lakers ស្ថិតនៅចំណាត់ថ្នាក់លេខ៤ រកបាន ១១៩,៥ លានដុល្លារ និងអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez ស្ថិតនៅលេខ៥រកបាន ១១០លានដុល្លារ។
ទស្សនាវដ្ដី Forbes បាននិយាយថា ការចាត់តាំងចំណាត់ថ្នាក់នេះគឺផ្អែកទៅលើ តួលេខប្រាក់ចំណូលនៅលើទីលានរបស់អត្តពលិក រួមមានប្រាក់រង្វាន់ ប្រាក់ខែ និងប្រាក់លើកទឹកចិត្តទាំងអស់ដែលរកបានក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដោយមិនរួមបញ្ចូលប្រាក់ឧបត្ថម្ភ ឬ ចំណូលពីអាជីវកម្មរបស់អត្តពលិកនោះឡើយ៕