ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានព្រមានថា ប្រទេសមួយចំនួននៅអឺរ៉ុប អាចមិនទទួលសិទ្ធផ្សព្វផ្សាយពី ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ ២០២៣ លុះត្រាតែប្រព័ន្ធផ្សព្វផ្សាយអាចកែលម្អភាពខកចិត្ត របស់ពួកគេឡើងវិញ។
ការផ្តល់ជូនពីបណ្តាប្រទេសអឺរ៉ុបធំៗចំនួន ៥ មិនអាចទទួលយកបានចំពោះ FIFA និង បានធ្វើអោយប៉ះពាល់ដល់កីឡាការិនីបាល់ទាត់ទាំងអស់លើពិភពលោក។ ប្រទេសធំៗទាំង៥នោះ ត្រូវបានលោក Infantino អះអាងថា ជាប្រទេស អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និងបារាំង។
ការមិនពេញចិត្តបានកើតឡើង បន្ទាប់ពីស្ថាប័នផ្សព្វផ្សាយបានផ្តល់សំណើតែ ១ លានទៅ ១០លានដុល្លារសម្រាប់សំណើសុំផ្សព្វផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារី បើប្រៀបធៀបទៅនឹងសំណើផ្សព្វផ្សាយការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស មានភាពខុសគ្នាច្រើនណាស់ ដោយមានតម្លៃចាប់ពី ១០០លាន ទៅ ២០០លានដុល្លារឯណោះ។
បុរសជនជាតិស្វីស បាននិយាយនៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវថា “វាគឺជាសីលធម៌ និងផ្លូវច្បាប់របស់យើងក្នុងការមិនលក់សិទ្ធផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសមួយចំនួន។ ប្រសិនបើការផ្តល់ជូនបន្តមិនមានភាពយុត្តិធម៌ យើងនឹងបង្ខំមិនអោយមានការចាក់ផ្សាយ FIFA Women’s World Cup តាមបណ្តាប្រទេសអឺរ៉ុប ធំៗទាំង៥នោះទេ។”
FIFA Women’s World Cup 2023 មានសហម្ចាស់ផ្ទះ អូស្ត្រាលី និងនូវែលសេឡង់ ចាប់ផ្តើមនៅថ្ងៃទី ២០ ខែកក្កដា ខាងមុខ។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានលើកមូលហេតុថា ដោយសារភាពខុសគ្នានៃតំបន់ ទើបធ្វើអោយការប្រកួតបាល់ទាត់ពិភពលោកនារី មិនអាចផ្សព្វផ្សាយបានតាមម៉ោងសំខាន់ៗនៃទីផ្សារអឺរ៉ុប នាំអោយពួកគេទម្លាក់តម្លៃសំណើសុំផ្សព្វផ្សាយ ប៉ុន្តែត្រូវបានប្រធាន FIFA ច្រានចោលមិនទទួលយកការអះអាងបែបនេះទេ។
កាលពីការប្រកួត FIFA Women’s World Cup 2019 នាប្រទេសបារាំង មានអ្នកទស្សនាប្រហែល ១,១២ ពាន់លាននាក់បានតាមដាន នៅគ្រប់វេទិកាទាំងអស់ នេះបើយោងតាមសវនកម្មរបស់ FIFA នៃការប្រកួតនេះ៕