×

ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទុកលទ្ធភាពឱ្យប្រទេសវៀតណាមត្រឹមខែតុលានេះ ក្នុងការសម្រេចរៀបចំស៊ីហ្គេមឬអត់

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសសមាជិក បានទុកលទ្ធភាពឱ្យម្ចាស់ផ្ទះវៀតណាម ត្រឹមខែតុលាប៉ុណ្ណោះ ក្នុងការសម្រេចចិត្តចុងក្រោយ អំពីការរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ ដែលបានសម្រេចពន្យារពេលទៅឆ្នាំ២០២២ ហើយប្រសិនបើមិនមានការសម្រេចណាមួយនោះទេ ព្រឹត្តិការណ៍លើកទី៣១នេះ នឹងត្រូវប្រឈមការលុបចោលជាប្រវត្តិសាស្ដ្រតែម្ដង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ការកំណត់ឱសានវាទសម្រាប់វៀតណាមនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ ស្របពេលវៀតណាម នៅមានភាពស្ទាក់ស្ទើរ និងមិនទាន់មានការប្រកាសជាផ្លូវការ អំពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការរៀបចំស៊ីហ្គេម នៅប្រទេសរបស់ខ្លួននៅឡើយ។

លោកបន្ដថា «គណៈអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានផ្ដល់លទ្ធភាពឲ្យវៀតណាមនៅខែតុលាខាងមុខ នៅពេលប្រជុំគណៈអចិន្ដ្រៃយ៍ម្ដងទៀត ត្រូវសម្រេចឲ្យបានថា វៀតណាម ធ្វើនៅពេលណា? បើវៀតណាមមិនសម្រេចទេ នឹងមានការសម្រេចចិត្តក្នុងប្រទេសអាស៊ានទាំងអស់ថា នឹងមានការលុបចោល ឬក៏ផ្អាកការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាម ហើយផ្ទេរភាពជាប្រធានមកឲ្យកម្ពុជាតែម្ដង ដើម្បីយើងធ្វើដំណើរទៅឲ្យស្រួល និងស្របតាមកម្មវិធី ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ មានភាពជាអ្នកដឹកនាំច្បាស់លាស់ មានអ្នកដឹកនាំច្បាស់លាស់ ពីព្រោះដល់វេណយើង យើងជាប្រធានដឹកនាំការរៀបចំស៊ីហ្គេម»។

អគ្គលេខាធិការ CAMSOC និង NOCC បន្ថែមថា ក្នុងនាមសមាជិកស៊ីហ្គេម ក៏មិនខុសពីបណ្ដាប្រទេសផ្សេងៗដែរ ដោយមិនអាចរង់ចាំទៀតបាន ពិសេសក្នុងនាមម្ចាស់ផ្ទះបន្ដវេណ ត្រូវការចាំបាច់នូវការផ្ទេរសិទ្ធិជាប្រធាន ដើម្បីបញ្ចៀសនូវការរាំងស្ទះដល់ដំណើរការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ប៉ុន្ដែយ៉ាងណា ក្នុងនាមសមាជិកអាស៊ាន នឹងត្រូវមានការសម្របសម្រួលគ្នាដោយសន្ដិវិធី ព្រោះក្នុងអាស៊ាន មានសាមគ្គីភាព និងមានឯកភាពផ្ទៃក្នុងល្អណាស់។ ដូច្នេះ គេនឹងនិយាយគ្នាតាមសម្រួល ផ្ដល់ការយោបល់ឲ្យគ្នា ដើម្បីរកដំណោះស្រាយមួយដ៏ល្អ តែក៏ត្រូវគោរពទៅតាមច្បាប់ និងធម្មនុញ្ញ្របស់ស៊ីហ្គេមផងដែរ៕

ប្រភពអត្ថបទ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង