×

គ្រូ Man City ថា ភាពឈឺចាប់ត្រូវបាត់បង់ហើយ ក្រោយទម្លាក់ Real Madrid នៅ UEFA Champions League វិញ

ក្រុម Man City បានកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League បានសម្រេច បន្ទាប់ពីយកឈ្នះក្រុម Real Madrid ដោយលទ្ធផល ៤-០ នៅក្នុងការប្រកួតជើងទី២ វគ្គ៤ក្រុមចុងក្រោយកាលពីយប់មិញ។

ជំនួបដែលធ្វើឡើងនាទីលាន Etihad ក្រុម Man City ដែលជាម្ចាស់ផ្ទះបានបង្ហាញស្ថិតិយ៉ាងល្អទាំងការគ្រប់គ្រងបាល់ និង ឱកាសស៊ុតសំណាញ់ទីរបស់ក្រុម Real Madrid។ ក្រោយពីការប្រកួតធ្វើឡើងបាន២៣នាទី Bernardo Silva បានស៊ុតបើកឆាកនាំមុខដល់ Man City ហើយនាទី៣៧ កីឡាករវ័យ២៨ឆ្នាំដដែល បានតែតបញ្ចូលទីបង្កើនគ្រាប់នាំមុខ គ្រាប់ទី២ មុនចប់វគ្គទី១។

នៅវគ្គទី២ Real Madrid ដែលជាក្រុមភ្ញៀវ បានព្យាយាមស្វែងរកឱកាសល្អដើម្បីរកគ្រាប់បាល់ពីក្រុមគូប្រជែងប៉ុន្តែមិនបានផ្លែផ្កានោះទេ។ ផ្ទុយមកវិញ Man City បានបង្កើនការវាយសម្រុករហូតរកបាន២គ្រាប់បន្ថែមទៀតពីសំណាញ់ទីរបស់ Real Madrid ដែលជាការធ្វើបានដោយ Manuel Akanji នៅនាទី ៧៦ និង Julián Álvarez នៅនាទី ៩០+១ យកជ័យជំនះបានទាំងស្រុង។

កាលពីជើងទី១ ក្រុមទាំង២ស្មើគ្នា ១-១ ប៉ុន្តែបូករួមទាំងជើងទី២នេះទៀតគឺ Man City យកឈ្នះ Real Madrid ដោយលទ្ធផលសរុប ៥-១ ឯណោះ។ ដូច្នេះក្រុម Man City គឺជាក្រុមដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម Real Madrid ត្រូវហាលអាវត្រឹមនេះ។ វាជាការសងសឹកបានសម្រេចរបស់ Man City ទៅលើ Real Madrid ក្រោយពីពួកគេត្រូវបានទម្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League កាលពីរដូវកាលមុន ដោយលទ្ធផល ៦-៥។

បន្ទាប់ពីទទួលជ័យជម្នះឡើងវគ្គផ្តាច់ព្រ័ត្រ រួចមក លោក Pep Guardiola គ្រូបង្វឹក Man City បានបង្ហាញភាពរីករាយ និង ការពេញចិត្ត ដែលក្រុមរបស់ខ្លួនបានធ្វើយ៉ាងល្អ។

បុរសជនជាតិអេស្ប៉ាញ បានថ្លែងឱ្យដឹងក្រោយចប់ការប្រកួតថា៖ “ពួកយើងពិតជាធ្វើបានល្អខ្លាំងណាស់។ រដូវកាលនេះយើងបានជួបភាពរីករាយម្តងហើយម្តងទៀត។ ពួកយើងធ្លាប់រងការឈឺចាប់ដោយគូប្រជែងរបស់យើង ប៉ុន្តែពេលនេះភាពឈឺចាប់ទាំងនោះបានបញ្ចប់ហើយ។ នេះវាមិនមែនជាភាពរីករាយរបស់យើងប៉ុន្តែ វាជារបស់អ្នកគាំទ្រគ្រប់គ្នាផងដែរ។”

នេះក៏ជាលើកទី២ ក្នុងចំណោម៣រដូវកាលចុងក្រោយដែល Man City ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League។ ពួកគេនឹងត្រូវជួបជាមួយក្រុម Inter Milan ដែលបានទម្លាក់ AC Milan ។ ការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ខាងមុខ នាទីក្រុង Istanbul ប្រទេសតួកគី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង