×

នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភថវិកាដល់គ្រូបង្វឹក និងកីឡាការិនីបាល់ទះម្នាក់ ១.០០០ដុល្លារ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ថវិកាលើកទឹកចិត្ត ដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនីបាល់ទះទាំងអស់ ដែលបង្ហាញពីមោទនភាពជាតិខ្មែរ បន្ទាប់រង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ពាក់ព័ន្ធក្រុមកីឡាបាល់ទះវិញ នាយឧត្តមសេនីយ៍ នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលសម្រេចបានក្នុងការប្រកួតដ៏សំខាន់នេះ និយាយជារួម និងនិយាយដោយឡែក ពាក់ព័ន្ធក្រុមបាល់ទះនារីទាំងក្នុងសាល និងលើឆ្នេរខ្សាច់ គឺធ្វើបានល្អ ទោះបីមិនទទួលបានមេដាយក៏ពិតមែន តែនេះជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឱ្យក្រុមកីឡាការិនីបាល់ទះទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យនៅថ្ងៃខាងមុខ និងរំឭកដល់គ្រូបង្វឹក ត្រូវបន្ដខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពក្រុមកីឡាករ។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបង្ហើបពីគម្រោងក្នុងការបង្កើតលីកបាល់ទះនៅពេលអនាគតផងដែរ សំដៅចម្រាញ់យកកីឡាករដែលមានសមត្ថភាពខ្ពស់ សម្រាប់ចូលប្រកួតជម្រើសជាតិ ប៉ុន្ដែករណីនេះលោកបានសង្កត់ធ្ងន់ថា នឹងត្រូវប្រើប្រាស់ពេលវេលាយូរដើម្បីសម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា លោកប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារនេះ។

ដើម្បីជាការលើកទឹកចិត្តនាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកាម្នាក់ ១.០០០ដុល្លារ ដល់គ្រូបង្វឹក និងកីឡាការិនីបាល់ទះម្នាក់ ១.០០០ដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង