ខ្សែប្រយុទ្ធ Vinicius Junior បានហៅ ក្របខណ្ឌអេស្ប៉ាញ La Liga ថា ជាការប្រកួតពោរពេញដោយការរើសអើងជាតិសាសន៍ បន្ទាប់ពីរូបគេទទួលបានការជេរប្រមាថពីអ្នកគាំទ្រក្នុងការប្រកួតចាញ់ នៅកីឡដ្ឋាន Mestalla របស់ Valencia កាលពីចុងសប្តាហ៍កន្លងទៅ។
កីឡាករប្រេស៊ីល វ័យ២២ឆ្នាំ របស់ក្លិប Real Madrid បានចង្អុលបង្ហាញពីអ្នកគាំទ្រដែលជេរប្រមាថរូបគេ ធ្វើអោយការប្រកួតត្រូវបានពន្យារយៈពេល ១០ នាទី ហើយបន្ទាប់មកមានការប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ Valencia ដែលនាំអោយរូបគេត្រូវបណ្តេញចេញនៅវគ្គទីពីរ។
ក្រោយចប់ការប្រកួតនោះ Vinicius Junior បានសរសេររៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមថា៖ “ការទទួលរងភាពប្រមាថនេះមិនមែនជាលើកដំបូងសម្រាប់ខ្ញុំទេ តែវាច្រើនដងហើយ។ ស្ថាប័នគ្របគ្រងការប្រកួត La Liga បានចាត់ទុកការរើសអើងជាតិសាសន៍ជារឿងធម្មតា។ ទីកន្លែងដែលជាការប្រកួតរបស់កីឡាករល្បីៗដូចជា Ronaldinho, Cristiano Ronaldo និង Lionel Messi បានប្រែក្លាយទៅជាទីកន្លែងប្រកួតរបស់អ្នករើសអើងជាតិសាសន៍ទៅហើយ។”
ជុំវិញការរិះគន់របស់ Vinicius Junior នេះដែរ បានទទួលការគាំទ្រពីមិត្តរួមក្រុមខ្លួន ខណៈគ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានទទួលស្គាល់ថា ក្រុមអ្នកគាំទ្រ បានបង្ហាញពីអត្តចរិកអាក្រក់បំផុត និងបានស្នើសុំឱ្យបញ្ឈប់ទង្វើជេរប្រមាថបន្តទៀត។
ដោយឡែកស្ថាប័ន La Liga នឹងស្នើសុំរូបភាពដែលមានទាំងអស់នៅកីឡដ្ឋាន ដើម្បីស៊ើបអង្កេតពីអ្វីដែលបានកើតឡើងនៅក្នុងការរើសអើងជេរប្រមាថ ទៅលើកីឡាករនៅអំឡុងការប្រកួត៕