Lionel Messi នឹងធ្វើដំណើរមកជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីចូលរួមក្នុងការប្រកួតមិត្តភាពជាមួយក្រុមអូស្ត្រាលី នៅទីក្រុងប៉េកាំង នៅខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិន បានប្រកាសនៅថ្ងៃចន្ទថា អាហ្សង់ទីននឹងប្រកួតជាមួយអូស្ត្រាលីនៅថ្ងៃទី១៥ ខែមិថុនា ដោយនាំ Messi មកកាន់ប្រទេសនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។
វានឹងក្លាយជាលើកទី៧ ហើយដែលកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានទៅលេងប្រទេសចិន។Messi បានទទួលការស្វាគមន៍យ៉ាងក្លៀវក្លារាល់ការមកលេងប្រទេសចិនកាលពីមុន។
ប្រភពជិតស្និទ្ធនឹង Messi បានប្រាប់ Reuters ថាគាត់បានទទួលសំណើជាផ្លូវការដើម្បីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal នៅរដូវកាលក្រោយ ទោះបីជាឪពុករបស់គាត់បាននិយាយថា Messi មិនបាន “ចុះហត្ថលេខា ឬយល់ព្រម” លើកិច្ចព្រមព្រៀងក៏ដោយ។
ចាប់តាំងពីការធ្វើដំណើរទៅកាន់ប្រទេសចិនលើកដំបូងក្នុងឆ្នាំ២០០៥ Messi បានលេងឱ្យក្រុមអាហ្សង់ទីន ឬអតីតក្លិប Barcelona ក្នុងការប្រកួតមិត្តភាព។ ក្រុម LaLiga បានយកឈ្នះក្រុម Beijing Guoan ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ ២០១០៕