លោក Luciano Spalletti ទំនងនឹងចាកចេញពីតំណែងជាអ្នកចាត់ការក្លិប Napoli នាដំណាច់រដូវកាលនេះ ព្រោះភាពល្អក់កករ ជាមួយប្រធានក្លិបលោក Aurelio De Laurentiis ។
សារព័ត៌មាននៅប្រទេសអ៊ីតាលីបានឱ្យដឹងថា លោក Luciano Spalletti និងលោក Aurelio De Laurentiis មិនបានមានទំនាក់ទំនងជាមួយគ្នាទៀតនោះទេ ហើយប្រធានក្លិបរូបនេះក៏មិនបានធ្វើការអបអរសាទរ ដែលលោក Spalletti ទើបបានជួយក្រុមឈ្នះជើងឯកក្របខណ្ឌ Serei A នៅរដូវកាលនេះផងដែរ។
ក្នុងនោះ បន្ទាប់ពីការប្រកួតដែល Napoli ឈ្នះ Inter Milan ដោយលទ្ធផល ៣-១ កាលពីចុងសប្តាហ៍កន្លងទៅ លោក Luciano Spalletti ក៏បានបង្ហើបពីតម្រុយថា អនាគតរបស់លោកជាមួយក្លិបគឺត្រូវបានសម្រេចហើយ នឹងមិនត្រូវផ្លាស់ប្តូរនោះទេ។
ប្រសិនបើបុរសវ័យ៦៤ឆ្នាំត្រូវចាកចេញពីតំណែងពិតមែននោះ ក្លិប Napoli ក៏បានសម្លឹងឃើញពីបេក្ខភាពឈានមុខចំនួន២រូបរួចហើយ។ ជាក់ស្តែង លោក Rafael Benitez ដែលធ្លាប់ដឹកនាំ Napoli ពីឆ្នាំ ២០១៣-១៥ ហើយ អតីតអ្នកចាត់ការ Inter Milan និង Tottenham Hotspur លោក Antonio Conte កំពុងស្ថិតនៅក្នុងជម្រើសរបស់ក្លិប។
សូមបញ្ជាក់ថា លោក Luciano Spalletti បានចូលដឹកនាំ Napoli កាលពីខែឧសភា ឆ្នាំ២០២១ ដោយបានសាងស្នាដៃធំគឺការដឹកនាំក្លិបឈ្នះជើងឯក Serei A រដូវកាលនេះ ដែលជាការឈ្នះជើងឯកលីគកំពូលអ៊ីតាលីជាលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕