លោក Massimiliano Allegri អ្នកចាត់ការទូទៅរបស់ក្លិបសេះបង្កង់ Juventus បានអះអាងថា វាជាស្ថានភាពចម្លែក ដែលមានការប្រកាសសាលក្រម នៅត្រឹមតែ១០នាទីមុនការប្រកួតចាប់ផ្តើម។
ក្លិប Juventus ត្រូវបានកាត់១០ពិន្ទុសាជាថ្មី នៅក្របខណ្ឌ Serie A រដូវកាលនេះ បន្ទាប់ពីសវនាការលើកិច្ចព្រមព្រៀងផ្ទេរកន្លងមករបស់ក្លិប បានបញ្ចប់នាពេលថ្មីៗនេះ។
ដំបូងឡើយ ក្លិបរហស្សនាមសេះបង្កង់ ត្រូវបានកាត់១៥ពិន្ទុ កាលពីខែមករា ឆ្នាំ២០២៣ ប៉ុន្តែតុលាការកំពូលរបស់ប្រទេសអ៊ីតាលី បានបដិសេធការសម្រេចចិត្តនោះ នៅខែមេសា និងបានតម្រូវឱ្យពិនិត្យករណីនេះឡើងវិញ។
យ៉ាងណា សេចក្តីសម្រេចថ្មីមួយក៏ត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ នៅមុនពេលចាប់ផ្តើមការប្រកួតដែល Juventus ចាញ់ Empoli ដោយលទ្ធផល ៤-១ នៅក្របខណ្ឌ Serie A ។
ចំពោះការពិន័យនេះបានទម្លាក់ Juventus មកកាន់លេខរៀងទី៧ នាតារាងពិន្ទុលីគកំពូលអ៊ីតាលីវិញ ដោយមាន ៥៩ពិន្ទុ ឃ្លាតពីកៅអីជម្រុះពានរង្វាន់អឺរ៉ុបទាំង៣ ខណៈការប្រកួតនៅសល់២លើកទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីខែមេសា សាលាក្តីនៅគណៈកម្មាធិការអូឡាំពិកអ៊ីតាលី បានលុបចោលការកាត់១៥ពិន្ទុរបស់ Juventus ពីតុលាការឧទ្ធរណ៍របស់សហព័ន្ធបាល់ទាត់អ៊ីតាលី៕