ខ្សែប្រយុទ្ធ Lionel Messi នឹងរួមដំណើរជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលជាម្ចាស់ជើងឯកពានរង្វាន់ World Cup ឆ្នាំ២០២២ ធ្វើដំណើរមកកាន់ទ្វីបអាស៊ី នាខែមិថុនា ដើម្បីធ្វើការប្រកួតទេសចរណ៍មិត្តភាពអន្តរជាតិជាមួយនឹងអូស្ត្រាលី និងឥណ្ឌូណេស៊ី។
អាហ្សង់ទីន នឹងត្រូវប៉ះអូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ នៅឯកីឡដ្ឋាន Workers’ Stadium នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ នេះគឺជាលើកទីមួយក្នុងរយៈពេល ១៥ ឆ្នាំដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានមកលេងនៅទឹកដីប្រទេសចិន។
ជាមួយគ្នានោះ សហព័ន្ធបាល់ទាត់អាហ្សង់ទីន ក៏បានប្រកាសថា ពួកគេក៏នឹងធ្វើការប្រកួតជាមួយនឹងឥណ្ឌូណេស៊ី នៅឯទីក្រុងហ្សាកាតា នាថ្ងៃទី១៩ ខែមិថុនា ផងដែរ។
ជាមួយនឹងការប្រកាសនេះ បានក្លាយជាដំណឹងដ៏រីករាយ និងភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រដែលរង់ចាំការប្រកួតដ៏អស្ចារ្យជាមួយនឹងក្រុមជើងឯកពិភពលោក។
គួររំលឹកជូនថា អាហ្សង់ទីន ឈ្នះម្ចាស់ជើងឯកពានរង្វាន់ World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះបារាំង ដោយការទាត់បាល់កាត់សេចក្តីលទ្ធផល ៤-២ ក្រោយបញ្ចប់១២០នាទី ស្មើគ្នាលទ្ធផល ៣-៣៕