×

UEFA បង្ហាញឈ្មោះអាជ្ញាកណ្ដាលកាត់ក្ដីវគ្គផ្ដាច់ព្រ័ត្រ UCL, UEL, ECL

បន្ទាប់ពីក្លាយជាអាជ្ញាកណ្តាលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA World Cup កាលពីខែធ្នូ លោក Szymon Marciniak សញ្ជាតិប៉ូឡូញ ត្រូវបានជ្រើសរើសដើម្បីកាត់ក្ដីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League រវាង Manchester City និង Inter Milan នៅថ្ងៃទី១១ ខែមិថុនា ក្នុងទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួកគី។

អាជ្ញាកណ្ដាលវ័យ ៤២ឆ្នាំរូបនេះ បានទទួលការកោតសរសើរចំពោះការគ្រប់គ្រងការប្រកួតរវាង អាហ្សង់ទីន និងបារាំង ក្នុងទីក្រុងដូហា ប្រទេសកាតា។

អាជ្ញាកណ្ដាលដែលកាត់ក្ដីក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ World Cup និងក្របខណ្ឌ Champions League ក្នុងឆ្នាំតែមួយ គឺលោក Howard Webb កាលពីឆ្នាំ២០១០។

លោក Marciniak បានដឹកនាំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល Manchester City យកឈ្នះ ៤-០ លើ Real Madrid និងការប្រកួតប្រកួតដែល Inter Milan ស្មើជាមួយ Porto ដោយលទ្ធផល ០-០ នៅវគ្គ១៦ក្រុមចុងក្រោយ។

ចំណែកលោក Anthony Taylor សញ្ជាតិអង់គ្លេស នឹងធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រវាង Sevilla និង Roma នៅថ្ងៃទី១ ខែមិថុនា នៅទីក្រុងប៊ូដាប៉េស ប្រទេសហុងគ្រី។

រីឯលោក Carlos del Cerro Grande សញ្ជាតិអេស្ប៉ាញ នឹងទទួលបន្ទុកវគ្គផ្តាច់ព្រ័ត្រ Europa Conference League ក្នុងការជួបគ្នារវាង Fiorentina និង West Ham នៅថ្ងៃទី៨ ខែមិថុនា នៅទីក្រុងប្រាគ សាធារណរដ្ឋឆេក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង