ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្តល់ភាពរីករាយដល់ក្រុម Al-Nassr វិញតាមរយៈការស៊ុតបញ្ចូលទីជួយក្រុមវាយបកយកឈ្នះក្រុមភ្ញៀវ Al-Shabab ដោយលទ្ធផល ៣-២ ក្នុងជំនួបក្របខណ្ឌ Saudi Pro League ។
ការប្រកួតលើទីលាន Al-Awwal Park នោះគឺក្រុម Al-Shabab បាននាំមុខ២គ្រាប់មុន ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Cristian Guanca នៅនាទី២៥ និង ការររកគ្រាប់បញ្ចូលទីម្តងទៀតនៅនាទី៤០។ ប៉ុន្តែ មុនចប់វគ្គទី១ កីឡាករ Talisca បានតាម១គ្រាប់ឱ្យ Al-Nassr។
នៅវគ្គទី២ នាទី៥១ កីឡាករ Abdulrahman Ghareeb បានតាមរកគ្រាប់បាល់សងស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ នៅមុនពេលដែល Cristiano Ronaldo បានស៊ុតបញ្ចូលទីនៅនាទី ៥៩ ដើម្បីនាំយកជ័យជម្នះមកជូនក្រុមបានសម្រេច។ នេះជាគ្រាប់បាល់ទី១៤ ពីការបង្ហាញខ្លួន១៨ដងរបស់ Cristiano Ronaldo ជាមួយក្រុមនៅអារ៉ាប៊ីសាអ៊ូឌីតមួយនេះ។
ជាមួយនឹងជ័យជម្នះនេះដែរ ក្រុម Al-Nassr បានពន្យារពេលលើកពានរង្វាន់ Saudi Pro League របស់ក្រុមគូប្រជែង Al-Ittihad។ ជាក់ស្តែង Al-Ittihad កំពុងឈរកំពូលតារាង មាន៦៦ពិន្ទុ ពីលើ Al-Nassr ចំនួន៣ពិន្ទុ ខណៈការប្រកួតនៅសល់តែ២លើកទៀត។ ក្រុម Al-Ittihad នឹងក្លាយជាជើងឯក Saudi Pro League ជាលើកដំបូងចាប់ពីឆ្នាំ២០០៩ បើសិនក្រុម Al-Nassr មិនឈ្នះការប្រកួតនេះ។ យ៉ាងណាក៏ដោយ ក៏ Al-Ittihad នឹងនៅតែអាចឈ្នះពានរង្វាន់បានដដែល បើសិនពួកគេអាចយកឈ្នះក្រុម Al-Feiha នៅចុងសប្តាហ៍ខាងមុខ៕