លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបញ្ជាក់ថា នឹងមិនដាក់ពិន័យកីឡាករ គ្រូបង្វឹក និងមន្ត្រីនៃក្រុមជម្រើសជាតិឥណ្ឌូណេស៊ីអាយុក្រោម២២ឆ្នាំ សម្រាប់ការប៉ះទង្គិចគ្នា នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នោះទេ។
ការបញ្ជាក់របស់ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី បានធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីសមាគមកីឡាបាល់ទាត់ថៃ បានចេញលិខិតសូមទោសជាផ្លូវការ។ សមាគមបាល់ទាត់ថៃ ថែមទាំងដាក់ទណ្ឌកម្មលើគ្រូបង្វឹក និងកីឡាករ ដោយមិនអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់ចាប់ពី ៦ខែដល់ ១ឆ្នាំ។
ទាក់ទងនឹងឧបទ្ទវហេតុនេះ ខាងឥណ្ឌូណេស៊ី នឹងមិនធ្វើដូចគ្នាទេ។ បើយោងតាមការអះអាងរបស់លោក Erick ភាគីថៃជាអ្នកញុះញង់ឱ្យមានអំពើហិង្សាកើតឡើង។ ដោយយោងតាមហេតុផលនេះ លោកនឹងមិនពិន័យកីឡាករនិងបុគ្គលិកណាមួយឡើយ។
លោកបានមានប្រសាសន៍ថា៖ “ហេតុអ្វីយើងត្រូវធ្វើអន្តរាគមន៍? ហេតុអ្វីយើងត្រូវដាក់ទោសខ្លួនឯង? អត់ទេ។ បាទ យើងនឹងកែតម្រូវ។ ការញុះញង់ខ្លះ ត្រូវបានអត់ឱន ប៉ុន្តែពេលខ្លះមិនអាចអត់ឱនបានឡើយ”៕